ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តក្រឡុកស៊ីម៉ងត៍ បុកនិងកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១១និង៤២នាទីនាពេលយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿង បត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកនិងកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5A-2218 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ក្រហម លាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GA-8654 បើកបរដោយបុរសម្នាក់ ទិសដៅបញ្ច្រាសគ្នាពីកើតទៅលិចពេញទំហឹង ដួលត្រូវរថយន្តកិនជាប់ពីលើម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ចំណែកតៃកុងរថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់