បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងស្រីអាយុជាង១ឆ្នាំ ម្នាក់បានលង់ទឹកស្រះស្លាប់ ខណៈ តាយាយនឹកពេកយកចៅមកលេងផ្ទះ ដាក់ឲ្យចៅដេកអង្រឹង បានដេកលក់មួយភាំងងើបឡើង ចៅស្រីលង់ទឹកស្រះមុខផ្ទះស្លាប់ ។
ហេតុការណ៍ដ៏គួឲ្យសោកសង្រេងនេះ បានកើតឡើងរសៀល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចវាលស្រែតាអន ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹង នៅមុនពេលកើតហេតុ លោកយាយឈ្មោះ លិញ ចំណាន អាយុ៤៣ឆ្នាំ និងតាឈ្មោះ ហ៊ាង លួត អាយុ៤៤ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ស្ថិតសិរីសោភ័ណ បានយកចៅស្រីរងគ្រោះឈ្មោះ សុភា លក្ខិណា អាយុ ១ឆ្នាំ១ខែ យកលេងនៅជាមួយពួកគាត់ដោយសារតែនឹកចៅ ។ តាយាយ បានដាក់ឲ្យចៅស្រីឲ្យដេកអង្រឹង ខណៈនោះគាត់បានដេកលក់មួយស្របក់ ពេលភ្ញាក់ឡើងស្រាប់តែបាត់ចៅ ហើយនាំគ្នាដើរក៏ប្រទះឃើញសពចៅស្រីអណ្តែតទឹក ហើយក៏បាននាំគ្នាធ្វើចលនាដើម្បីសង្គ្រោះ តែមិនអាចជួយជីវិតចៅស្រីបាន ដោយមិនដឹងលង់ទឹកស្លាប់តាំងពីពេលណា ។
ក្រោយពិនិត្យសពក្មេងស្រីរងគ្រោះរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណតាមប្រពៃណី ៕
មតិយោបល់