ព័ត៌មានជាតិ

បុរសម្នាក់ ទៅរកត្រីពេលល្ងាច មិនឃើញត្រឡប់មកផ្ទះវិញ ស្រាប់តែព្រឹកឡើងប្រទះឃើញសាកសពនៅក្នុងទឹកត្រពាំង

កោះកុងៈ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង៧និង២០នាទី មានប្រជាពលរដ្ឋឈ្មោះ សុក សៀរ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង បានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលដងពែងថា បាត់ប្តីមួយយប់មិនឃើញមកផ្ទះ ខណៈទៅរកត្រីកាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លុះព្រឹកឡើងក៏បាននាំគ្នាដើររកមើលក៏បានប្រទះឃើញសពឈ្មោះ សោម សាន់ ភេទប្រុស អាយុ៣២ឆ្នាំ លង់ទឹកត្រពាំងខែប្រាំង បណ្តាលអោយស្លាប់នៅទីនោះ ហើយឪពុក បងប្អូនបានយកសពចេញពីកន្លែងកើតហេតុដាក់លើគោយន្ត ។

នៅវេលាម៉ោង៩និង០៥នាទី កម្លាំងប៉ុស្តិ៍ដងពែង បានចូលរួមជាមួយផ្នែកជំនាញវិភាគកន្លែងកើតហេតុ និងក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យស្រុកស្រែអំបិល បានចុះទៅពិនិត្យសាកសពជនរងគ្រោះ។

ក្រោយពីបានពិនិត្យរបស់លោកវេជ្ជបណ្ឌិត ផុន កុលបុត្រ វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យបង្អែកស្រែអំបិលបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារខ្យល់គ បណ្តាលអោយដួលក្នុងទឹកស្លាប់ពិតប្រាកដមែន ។

ក្រោយពីពិនិត្យរួចរាល់ហើយ កម្លាំងប៉ុស្តិ៍ និងផ្នែកជំនាញ បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់