ព័ត៌មានជាតិ

Update ៖ ក្រោយឡោមពទ្ធ័រាប់ម៉ោងសមត្ថកិច្ចរឹបអូសបានដាវស៊ាំម៉ូរ៉ៃ និងចាប់ខ្លួនក្រុមចោរប្លន់

ភ្នំពេញៈក្រោយពីសមត្ថកិច្ចបើកប្រតិបត្តិការណ៏ឡោមពទ្ធ័អស់រយៈពេលជាច្រើនម៉ោងឈានទៅដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន១៥នាក់យកមកធ្វើការសាកសួរ ព្រមទាំងដកហូតបាន ដាវសាំម៉ូរ៉ៃ ពូថៅ កាំបិតផ្គាក់ កាំបិតបុង័តោ រួមនិងម៉ូតូ មួយគ្រឿង រថយន្ត មួយគ្រឿង។ប៉ុន្តែសមត្ថកិច្ចដោះលែង៩នាក់ទៅវិញ បន្ទាប់ពីសួរដឹងថា មិនមានការពាក់ពន្ធ័ ។

សមត្ថកិច្ចប្រាប់ថាក្រុមជនសង្ស័យទាំង៦នាក់នេះបានធ្វើសកម្មភាព កាប់ប្លន់ពីជនរងគ្រោះ កាលពីវេលាម៉ោង ១និង២០នាទី រំលងអាធ្រាតថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅចំណុចមុខស្ថានីយ៍ប្រេង តេលា ក្នុងដីឡូត៍គ្មានលេខ តាមផ្លូវឧកញ៉ា ម៉ុងឫទ្ធី ក្រុម៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានខាងលើ ទី១.ឈ្មោះ ថុន សុជាតិ ភេទប្រុស អាយុ ១៨ឆ្នាំ ។ទី២.ឈ្មោះ សូ សុវណ្ណៈ ភេទប្រុស អាយុ ២០ឆ្នាំ។ ទី៣.ឈ្មោះ អ៊ុក ភា ភេទប្រុស អាំយុ ២០ឆ្នាំ ។ ទី៤.ឈ្មោះ ថាច់ ថងថាំង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ចំណែកជនសង្ស័យ២នាក់ទៀតនៅមិនទាន់បានស្គាល់ពីអត្តសញ្ញាណនៅឡើយនោះទេ ។ រីឯមនុស្សចំនួន ០៣នាក់ទៀត ក្រោយពីសមត្ថកិច្ចសាកសួររួចមក ទើបដឹងថា ពួកគេមិនមានការជាប់ពាក់ពន្ធ័នឹងការធ្វើសកម្មភាពកាប់ប្លន់ជនរងគ្រោះនោះឡើយ រួចក៏ធ្វើការអប់រំ ណែនាំ ហៅអាណាព្យាបាលមកធានា ដោះលែងខ្លួនយកទៅផ្ទះវិញ ។ ចំណែកឯជនរងគ្រោះឈ្មោះ លាង ស្រីយូ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរធ្វើការងារនៅភោជយនីដ្ឋានបុប្ជារាជធានី មានស្រុកកំណើតនៅភូមិគីរីអណ្ដែត ឃុំទ្រា ស្រុកបារាយ ខេត្តកំពង់ធំ ។ ក្នុងនោះដែរ សម្ភារៈដែលចោរប្លន់យកទៅនោះរួមមាន ខ្សែកផ្លាកទីនចំនួន ០១ខ្សែទំងន់៣ជី ,ទូរសព្ទ័ដៃម៉ាក IPhone 6 មួយគ្រឿង និងទូរស័ព្ទម៉ាកអ៊ិនចុចពិលចំនួន០១គ្រឿងផងដែរ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងទើបតែចេញពីធ្វើការបានជិះម៉ូតូ មួយគ្រឿងម៉ាកកូនទាតែម្នាក់ឯងដើម្បីត្រឡប់ទៅផ្ទះវិញ លុះពេលជិះចេញពីកន្លែងធ្វើការបានបន្តិច ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ គំរាមកាប់ប្លន់យកទូរស័ព្ទអាយហ្វូនមួយគ្រឿង និងម៉ាកអិនចុចពិល មួយគ្រឿង ថែមទាំងបានយកខ្សែកមួយខ្សែទៀត ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ភ្លាមៗនោះ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ និងតាមចាប់ក្រុមចោរទាំងនោះ ។

សមត្ថកិច្ចបានបន្តទៀតថា ដោយសារតែមានករណីប្លន់នៅក្នុងភូមិសាស្ត្រនេះជាញឹកញាប់ពេក ទើបកម្លាំងល្បាតព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ ចុះជិះល្បាតឃ្លាំមើលមុខសញ្ញាដែលគេកំណត់បានរួចទៅហើយនោះអស់រយៈពេល ៥ទៅ៦យប់មកហើយ ទើបតែដល់យប់កើតហេតុ កម្លាំងសមត្ថកិច្ចយើងតាមដានមុខសញ្ញាខាងលើជាប់រហូត លុះដល់វេលាម៉ោងកើតហេតុ ក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូ មួយគ្រឿងកាន់ដាវស៊ាំម៉ូរ៉ៃ ហើយកម្លាំងសមត្ថកិច្ចយើងធ្វើការដេញ និងជិះបុកក្រុមជនសង្ស័យដែលជាចោរប្លន់នោះ រហូតចាប់បានចំនួន២នាក់ និងហកដូតម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រី សេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-9593 យកទៅមកប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ ទើបដឹងថា បក្សពួករបស់ពួកគេទាំងអស់មានគ្នាជិត ២០នាក់ ដែលរស់នៅក្នុងដីឡូត៍របស់អតីតរោងចក្រដែលត្រូវបានឆាបឆេះអស់នៅសល់តែរបងព័ទ្ធជុំវិញនោះដែលជាទីតាំងសម្រាប់ជក់ និងចែកចាយគ្រឿងញៀនផងដែរ ។

ក្រោយពីសមត្ថកិច្ចបានដឹងតម្រុយហើយនោះ លោក ទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅឡោមព័ទ្ធទីតាំងខាងលើ ដែលជនសង្ស័យកំពុងតែពួនស្នាក់នៅនោះ ខណៈពេលដែលកម្លាំងសមត្ថកិច្ចបានទៅដល់ ក៏ប្រទះឃើញរថយន្ត ឡិចស៊ីស មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-5777 ដែលជារថយន្តធ្វើសកម្មភាព ដាក់ដាវសាំម៉ូរ៉ៃឲ្យក្រុមចោរទាំងនោះ វាយកាប់ប្លន់យកម៉ូតូនៅខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខកាលពីពេលថ្មីៗនេះ ។ ហើយនៅក្នុងរថយន្តនោះ មានមនុស្សកំពុងដេកនៅក្នុងរថយន្តចំនួន០២នាក់ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចដាស់ហៅមកសាកសួរ និងបានឃាត់ខ្លួនមនុស្សទាំង០២នាក់ យកមកសាកសួររកបក្សពួកបន្ថែមទៀត ក្រោយមកក៏បានចូលទៅក្នុងដីឡូត៍មួយកន្លែង និងឃាត់បានបក្សពួក០១នាក់ទៀត ដែលកំពុងតែដេកក្នុងដីឡូត៍ និងចេញមកវិញឃាត់បានបក្សពួកមួយក្រុមទៀតដែលកំពុងតែឈរប្រមូលផ្តុំគ្នានៅមុខដីឡូត៍ ដោយមានស្រីមានប្រុសជាង ១០នាក់ទៀតបានយកទៅសួរនាំនៅប៉ុស្តិ៍ទួលសង្កែផងដែរ ។

ក្រោយពីសាកសួរនាំរួចមក លុះព្រឹកឡើង លោក ទៀង ច័ន្ទសារ អធិការខណ្ឌឫស្សីកែវ បានបើប្រតិបត្តិការចុះទៅឆែកឆេរទីតាំងពីរកន្លែងជាប់ៗគ្នា ដែលទទួលផ្ញើរម៉ូតូ ២៤ម៉ោង ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ១០៣ ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ដោយក្នុងនោះ ដោយការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការឆែកឆេរ និងបានឃាត់ខ្លួនម្ចាស់ទីតាំង ដែលទទួលផ្ញើរម៉ូតូនោះ ។ ក្រោយមក កម្លាំងសមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យទៅលើម៉ូតូទាំងអស់ ដែលនៅក្នុងទីតាំងផ្ញើរម៉ូតូ ក្នុងនោះដែរសមត្ថកិច្ចបានដកហូតម៉ូតូនៅក្នុងទីតាំងនោះ មានចំនួន ៤២គ្រឿង ដោយនៅក្នុងចំណោមម៉ូតូ ៤២គ្រឿងនោះ មានជាប់ពាក់ព័ន្ធទៅនឹងករណីកាប់ប្លន់កន្លងមក ។

ជាក់ស្តែងកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៦នាក់យកទៅសួរនាំ និងដកហូតបានរថយន្ត មួយគ្រឿង ម៉ូតូ មួយគ្រឿង ព្រមទាំងដាវសាម៉ូរ៉ៃ កាំបិត និងពូថៅមួយចំនួនធំទៀតផង ។ ចំណែកទូរស័ព្ទដៃ និងខ្សែករបស់ជនរងគ្រោះ ដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពប្លន់បាននោះ ត្រូវបានសមត្ថកិច្ចដកហូតបានទាំងអស់វិញ ដោយបានប្រគល់ទៅឲ្យម្ចាស់ដើមវិញហើយ ៕

ចាប់ក្រុមចោរ ក្នុងខណ្ឌឬស្សីកែវ (1)ចាប់ក្រុមចោរ ក្នុងខណ្ឌឬស្សីកែវ (2)ចាប់ក្រុមចោរ ក្នុងខណ្ឌឬស្សីកែវ (3)ចាប់ក្រុមចោរ ក្នុងខណ្ឌឬស្សីកែវ (5)ចាប់ក្រុមចោរ ក្នុងខណ្ឌឬស្សីកែវ (6)ចាប់ក្រុមចោរ ក្នុងខណ្ឌឬស្សីកែវ (9)ចាប់ក្រុមចោរ ក្នុងខណ្ឌឬស្សីកែវ (11)ចាប់ក្រុមចោរ ក្នុងខណ្ឌឬស្សីកែវ (12)ចាប់ក្រុមចោរ ក្នុងខណ្ឌឬស្សីកែវ (13)ចាប់ក្រុមចោរ ក្នុងខណ្ឌឬស្សីកែវ (14)

https://youtu.be/YYhNylwAHck

មតិយោបល់