ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនដៃដល់ ២នាក់ ក្រោយកាប់បំផ្លាញម៉ូតូ ៣គ្រឿង ហើយរត់គេច

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកម្លាំងប្រជាការពារធ្វើការឡោមព័ទ្ធខ្លួនជនដៃដល់ ២នាក់ ក្នុងចំណោមគ្នា ៣នាក់ ដែលបានកាប់បំផ្លាញម៉ូតូចំនួន ៣គ្រឿង បណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទី កាលពីយប់រួចបានរត់ចូលទៅសំងំលាក់ខ្លួន នៅក្នុងបឹងកក់មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១។

ជនសង្ស័យខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះ ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-0380 ។ ត្រូវបាននគរបាលសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ រីឯនៅសល់នគរបាលកំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ត ព្រមទាំងម្ចាស់ផ្ទះដែលបានលាក់បំពួនក្រុមជនសង្ស័យកាលពីយប់។

ចំណែកម៉ូតូ ៣គ្រឿង រងការខូចខាតរួមមាន៖
១,ម៉ូតូម៉ាក ស៊ុយហ្សុយគីនិច ពណ៌ក្រហមលាយស ពាក់ស្លាកលេខព្រៃវែង 1K-1518 ជាកម្មសិទ្ធិរបស់ឈ្មោះ យុន រិត ភេទប្រុស អាយុ ២៤ឆ្នាំ ជាកម្មករ រោងចក្រ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិព្រៃស្វា ឃុំស្ពឺ ខ ស្រុកបាភ្នំ ខេត្តព្រៃវែង។
២,ម៉ូតូម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1O-3078 ជាកម្មសិទ្ធិរបស់ឈ្មោះ ភួង ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ ជា កម្មករ រោងចក្រ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
៣,ម៉ូតូម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៩ ឡើងស៊េរី២០២១ ពាក់ស្លាកលេខ កណ្តាល 1AB-7549 ជាកម្មសិទ្ធិរបស់ឈ្មោះ សៅ វ៉ាង ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មករ រោងចក្រ ស្នាក់នៅទល់មុខរោងចក្រ ក្នុងភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិម្រិញ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ ជនរងគ្រោះទាំង ៣នាក់ បាននាំគ្នា ផឹកស៊ីជុំគ្នានៅចំណុចទល់មុខរោងចក្រ យូ មីង ដា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយខណ:ផឹកស្រាបៀរអស់ម្នាក់មួយកំប៉ុង ក៏ស្រាប់តែឃើញជនបង្កទាំង ៣នាក់ ដែលមិនធ្លាប់ស្គាល់គ្នាសោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ កំពង់ឆ្នាំង1B-0381 ឌុបគ្នាដោយមានដាវ និងដំបងផងចូលទៅដេញកាប់ និងវាយ ក្រុមជនរងគ្រោះ ប៉ុន្តែជនរងគ្រោះរត់ចេញទាន់ ហើយជនអន្ធពាលខាងលើ ក៏បានកាប់ម៉ូតូ របស់ជនរងគ្រោះទាំង ៣គ្រឿងខាងលើ បណ្តាលឲ្យរងការខូចខាត។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកជនដៃដល់ជន បាននាំគ្នាជិះម៉ូតូគេចខ្លួន តែស្របពេលនោះកម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍ចោមចៅទី១ល្បាតឃើញ ក៏បានដេញតាមភ្លាមៗ ហើយជនបង្ក បានគេចរហូតដល់ភូមិទួលពង្រសង្កាត់ចោមចៅទី១ ជនសង្ស័យ ២នាក់ រត់ចូលផ្ទះ ឯម្នាក់ទៀតគេច បាត់ដោយទុកម៉ូតូ នៅខាងមុខផ្ទះ ។ ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍បម្រុងចូល ទៅចាប់ភ្លាមៗ ដែរ តែត្រូវបានបងស្រីជន បង្កជាម្ចាស់ផ្ទះរារាំងមិនឲ្យចូលចាប់ ឡើយដោយសួររកដីកាតុលាការថែមទៀតផង ទើបខណ:នោះសមត្ថកិច្ច នគរបាលបន្ថែមកម្លាំងធ្វើការឡោមព័ទ្ធផ្ទះនោះរហូតដល់វេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ជនសង្ស័យបានសម្រុកចេញពីក្នុងផ្ទះខាងលើ ចូលទៅលាក់ខ្លួនក្នុងបឹងដែលមានកក់ដុះ ហើយត្រូវបានកម្លាំងនគរបាលខាងលើ រួមទាំងប្រជាការពារឡោមព័ទ្ធចាប់បានជាបន្តបន្ទាប់ ២នាក់តែម្ដង៕

មតិយោបល់