ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកដាវកាប់កែវ និងកុំព្យូទ័រ ក្នុងហាងកាហ្វេមួយកន្លែង បណ្តាលឲ្យខូចខាត

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៦និង២៥នាទី មានករណីធ្វើអោយខូចខាតដោយចេតនា ចំណុចហាងកាហ្វេជនរងគ្រោះភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហេង វុត្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ កែវ សិរីបុត្ររតន: ភេទប្រុស អាយុ៣៧ឆ្នាំទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន) ។

សម្ភារ:ខូចខាត៖ កុំព្យូទ័រ១គ្រឿង និងកែវមួយចំនួន ។

នៅវេលាកើតហេតុខាងលើ ពេលជនរងគ្រោះកំពុងតែឈរឆុងកាហ្វេ ដាក់អោយភ្ញៀវពេលនោះស្រាប់តែជនសង្ស័យ ក្នុងស្ថានភាពស្រវឹងស្រា បានជិះម៉ូតូមកឈប់ ដោយដៃកាន់ដាវមួយដើមដើរចូលទៅក្នុងហាងកាហ្វេ ស្រែកឡូឡាដាក់ភ្ញៀវ និងម្ចាស់ហាង (ជនរងគ្រោះ) និងបានយកដាវកាប់កែវ និងកុំព្យូទ័រ បណ្តាលអោយខូចខាត រួចហើយជិះម៉ូតូគេចខ្លួនបាត់ទៅ ។ ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់