ភ្នំពេញៈ រថយន្តប្រភេទយីឌុប បែនមួយគ្រឿង បើកបោះពួយល្បឿនលឿន វ៉ាក់អឺ ជ្រុលទៅបុកពីក្រោយរថយន្តអូសសណ្តងពោងស៊ីម៉ងត៍ ដែលឈប់ចតដេកតាមផ្លូវ បណ្តាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយ រងរបួស២នាក់ អ្នកបើកបរកៀបជាប់ក្នុងកាប៊ីន ខ្វេះទាញមិនចេញ ទំនាក់ទំនងហៅរកកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ កាត់ វះ កាប៊ីន កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមមហាវិថី ឈ្នះ ឈ្នះ ចំណុចភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ អូសសណ្តោងពោងស៊ីម៉ងត៍ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-8556 ឈប់ចតតាមចិញ្ចើមផ្លូវ ពីត្បូងទៅជើង ម្ចាស់អ្នកបើកបរដេក ក្នុងកាប៊ីន ស្រាប់តែនៅវេលាម៉ោងខាងលើ រថយន្តប្រភេទយីឌុប បែនដឹកថ្ម ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-3040 ជិះគ្នា២នាក់ ប្រុសម្នាក់ស្រីម្នាក់ បើកបរល្បឿន ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ វ៉ាក់អឺ គេចមិនទាន់ ជ្រុលទៅបុកពីក្រោយរថយន្តពោងស៊ីម៉ងត៍ ហើយរេចង្កូតក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយ កៀបបុរសអ្នកបើកបរ ក្នុងកាប៊ីន ខ្វេះយកមិនចេញ ចំណែកស្ត្រីម្នាក់រួមដំណើរជាមួយ រងរបួសធ្ងន់ ទាញចេញបានមុន ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ប្រភពបន្តទៀតថា ក្រោយពីរថយន្តក្រឡាប់ចូលក្នុងប្រឡាយកៀបជាប់អ្នកបើកបរ ត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច ទំនាក់ទំនងទៅអង្គភាពជំនាញ រុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ប្រដាប់ដោយរថយន្ត សម្ភារៈ ឧបករណ៍វះកាត់ ទៅពុះ ហែក វះ កាប៊ីនរថយន្ត ដើម្បីយកជនរងគ្រោះចេញ ។
ករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ខណៈដែលអ្នកបើកបរខាងរថយន្តសណ្តោងពោងស៊ីម៉ងត៍ ចុះគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ៕
មតិយោបល់