បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង១៥នាទីលើផ្លូវលំគ្រួសក្រហមត្រង់ចំណុចក្រុមទី១០ភូមិព្រៃដាច់ឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបងមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តដឹកដីថយក្រោយមិនប្រយ័ត្នកិនម៉ូតូ១គ្រឿងឈប់នៅខាងក្រោយបណ្តាលអោយក្មេងស្រីម្នាក់រងរបួសធ្ងន់។
លោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោលបានអោយដឹងថាមានម៉ូតូម៉ាកហុងដាឌ្រីមC១២៥ពណ៌ខ្មៅស៊េរី២០១៥ពាក់ស្លាកលេខបាត់ដំបង1W-9006បើកបរពីក្រោយរថយន្តម៉ាកនីសាន់ពណ៌សពាក់ផ្លាកលេខភ្នំពេញ
3A-7394ទិសដៅពីលិចទៅកើតដល់ចំណុចកើតហេតុមានឧបសគ្គនៅពីមុខរថយន្តនីសាន់ក៍ឈប់រួចថយក្រោយវិញធ្វើឱ្យកិនម៉ូតូឈប់នៅពីក្រោយបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ចំនួន០១នាក់។អ្នកបើកបររថយន្តឈ្មោះម៉ូញចាន់ទីភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិតាសែនឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបងនិងអ្នកបើកបរម៉ូតូឈ្មោះនឿតសុវណ្ណភេទស្រីអាយុ១៦ឆ្នាំរស់នៅភូមិព្រៃដាច់ឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបងរបួសធ្ងន់(មិនពាក់មួកសុវត្ថិភាព)។
ភ្លាមៗនោះជនរងគ្រោះត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង។លុះកម្លាំងជំនាញស្រុកមកដល់បានប្រគល់ឱ្យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការវាស់វែងដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់