ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យសិស្សសាលា ៣នាក់ ស្លាប់នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: នៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យក្មេងប្រុសសិស្សសាលាចំនួន៣នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨២-១៨៣ ម្តុំមុខសាលាសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញម៉ូតូ១គ្រឿងម៉ាក HONDA-SCOPPY ពណ៌ស គ្មានផ្លាកលេខ ជិះឌុបគ្នា៣នាក់ ទិសដៅភ្នំពេញ-ខេត្តព្រះសីហនុ លុះបើកបរមកដល់ចំណុចកើតហេតុ បើកជ្រុលចូលមកចំណែកផ្លូវម្ខាងទៀត ត្រូវរថយន្ត ១គ្រឿងម៉ាក SSANGYONG ពណ៌សម្បកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2AQ-8400 ទិសដៅបញ្រ្ចាសគ្នា បុកពេញទំហឹង បណ្តាលឲ្យសិស្សសាលាទាំង៣នាក់​ ស្លាប់នៅកន្លែងកើតហេតិ ចំណែកអ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ បានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ វាស់វែងយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ទៅតាម​នីតិវិធីផ្លូវច្បាប់ និងធ្វើការស្រាវជ្រាវរកឈ្មោះ និងសាច់ញាតិជនរងគ្រោះទាំង៣នាក់ខាងលើ ដើម្បីយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់