ព័ត៌មានជាតិ

សមត្ថកិច្ចតាមឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីចូលលួចលុយរបស់ព្រះសង្ឃក្នុងវត្តកំពង់ត្រាច

ខេត្តស្វាយរៀងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករមាសហែកបានបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីលួចប្រាក់ព្រះសង្ឃនៅវត្តកំពង់ត្រាចស្ថិតក្នុងស្រុករមាសហែក។

សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ម៉ោង១១និង០០នាទីខណៈដែលព្រះសង្ឃនិមន្តឆាន់ចង្ហាន់ត្រង់ជនសង្ស័យដែលមានឈ្មោះណុំ ណែត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដរស់នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកCBRស្លាកលេខសៀមរាប1P-6976និងឈ្មោះគ្រឿន វិរៈ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដនៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកWINERស្លាកលេខភ្នំពេញ1AA-7889បានធ្វើសកម្មភាពឡើងទៅលើកុដិរួចហើយលួចយកប្រាក់របស់ព្រះសង្ឃអស់ចំនួន២៨៧,០០០(ម្ភៃប្រាំបីម៉ឺនប្រាំពីរពាន់)រៀលហើយជនសង្ស័យបានជិះម៉ូតូទៅទិសខាងត្បូង។

ទទួលបានសេចក្តីរាយការណ៍តាមទូរស័ព្ទភ្លាមៗលោកវរសេនីយ៍ឯកសំសំអុលអធិការនគរបាលស្រុករមាសហែកបានបញ្ជាទៅដល់គ្រប់គោលដៅ។ក្នុងពេលនោះជនសង្ស័យបានជិះដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ក៏បត់ត្រឡប់ក្រោយហើយកម្លាំងនគរបាលបានបើករថយន្តដេញតាមពីក្រោយរហូតធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ព្រមទាំងដកហូតបានម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាពចំនួន០២គ្រឿងនិងវត្ថុតាងជាប្រាក់ចំនួន២៨៧,០០០រៀល។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី៕

 

មតិយោបល់