ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចទូរស័ព្ទ

ភ្នំពេញៈ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧និង៣៧នាទីព្រឹក ជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក Honda dream ពណ៌ខ្មៅ ឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IR-9780 បានមកឈប់មុខផ្ទះកំពុងជួសជុល លេខ១៣៦ ផ្លូវ៤៣០ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រួចក៏នាំគ្នាចុះចូលទៅក្នុងផ្ទះនោះ ទៅមើលគ្រប់ជាន់ ហើយជនសង្ស័យបានលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ក្រហមទុកនៅលើតុសំអាង បានសម្រេចរួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់មកនៅវេលា១១និង០៥នាទី ថ្ងៃដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដោយយកវីឌីអូតាមរយៈកាម៉េរ៉ាសុវត្ថិភាព ដែលជនសង្ស័យ ធ្វើសកម្មភាពលួចទូរស័ព្ទខ្លួនមកជាមួយ ។

លុះមកដល់ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨និង០៩នាទី ក៏ជនរងគ្រោះឃើញជនសង្ស័យខាងលើ២នាក់ ជិះម៉ូតូមួយគ្រឿងខាងលើ តាមបណ្តោយផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ខលមកសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដើម្បីជួយអន្តរាគមន៍ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឆេវ គឹមសល់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ (គ្មាន) ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ គីម ភេទប្រុស អាយុប្រហែល១៨ឆ្នាំរត់គេចខ្លួនរួច ។

បន្ទាប់មកសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍ធ្វើការសាកសួរ រួចជនសង្ស័យបានឆ្លើយសារភាពថា បានធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងខាងលើ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ពិតប្រាដកមែន ។

កន្លងមកជនសង្ស័យខាងលើ បានសារភាពថា ធ្លាប់ធ្វើសកម្មភាពលួចយកម៉ូទ័រផ្សារដែកមួយគ្រឿង នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង០២នាទី នៅចំណុចផ្ទះកំពុងជួសជុលលេខ91A ផ្លូវ១៧៣ ភូមិ១ សង្កាត់ទំនប់ទឹក ដែលសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកស្រាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់