ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ករបួសស្នាម ប្រព្រឹត្តនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០និង៤៥នាទី ចំណុចអូរតាទិន ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ សល់ វ៉ាន់ថន ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយជនរងគ្រោះឈ្មោះ ជឿន ចេន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា
រហូតធ្វើឲ្យជនសង្ស័យទ្រាំមិនបានក៏ស្ទុះទៅយកពូថៅកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរតែម្តង ។
ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ហើយជនដៃដល់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋានចាប់ឃាត់ខ្លួន ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលក្រពើពីរ បានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះសល់ វ៉ាន់ថន គឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះសល់ វ៉ាន់ថន រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់