ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខ ឲ្យដឹងនៅមុននេះបន្តិចថា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបាន ចេញដីកាសម្រេចឃុំខ្លួនស្ត្រីជនជាប់ចោទម្នាក់ជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការធ្វើសកម្មភាព ចាប់ពង្រាត់ទារិកាអាយុ៥ខែ យកបិទស្កុតមាត់ដាក់ក្នុងស្បោងខ្មៅ យកទៅប្លុងចោលក្បែរគំនរសំរាម។
ប្រភពដដែលបានបញ្ជាក់ថា ស្ត្រីជាប់ចោទ មានឈ្មោះ យិន សុធារ៉ា អាយុ ៣៣ឆ្នាំ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះលេខ៥D ផ្លូវលំភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែន
សុខ មានស្រុកកំណើតភូមិវាលស្បូវឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានលោក សេង ហៀង ជាតំណាងអយ្យការចោទប្រកាន់ពីបទ ប៉ុនប៉ងឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា ករណីប៉ុនប៉ងសម្លាប់ទារិកាអាយុ ៥ខែខាងលើកើតឡើងកាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះម្តាយទារិការងគ្រោះ ឈ្មោះ មាស សុវណ្ណា អាយុ
៣៤ឆ្នាំ ផ្ទះលេខ១៧F ផ្លូវបេតុង ក្រុម៤ ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយស្ត្រីជាប់ចោទបានយកបិទស្កុតមាត់ទារិកាដាក់ក្នុងស្បោងខ្មៅ យកទៅប្លុងចោលក្បែរគំនរសំរាម៕
https://youtu.be/LWxXWGgyoqc
មតិយោបល់