ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យតៃកុងរងរបួសធ្ងន់ម្នាក់

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទី នៅលើផ្លូវជាតិលេខ៥១ (៣-៤) ត្រង់ចំណុចភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានរកណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ។

មន្ត្រីនគរបាលខេត្ត បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI PORTER ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-7291 បើកបរដោយឈ្មោះ ផាត់ នី ភេទប្រុស អាយុ៤២ ឆ្នាំ (របួសបាក់ជើងស្តាំ) រស់នៅនៅភូមិចាម ឃុំដាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចខាងលើ បានបើកទៅបុករថយន្ត០១ គ្រឿងម៉ាក DAEWOO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-5420 សណ្តោងសឺមីរ៉ឺម៉កស៊ីទែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 4A-6362 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ក្នុងចំណែកទ្រូងផ្លូវរបស់រថយន្តម៉ាក DAEWOO ។

ក្រោយកើតហេតុអ្នករបួសធ្ងន់ អ្នកបើកបររថយន្ត HYUNDAI បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ។ ខូចខាតរថយន្ត០២គ្រឿង ។ ចំពោះវត្ថុតាងរថយន្ត សមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់