ព័ត៌មានជាតិ

ម៉ូតូកង់បីឥណ្ឌា១គ្រឿង បើកលឿនជ្រុលទៅបុករថយន្ត បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូកង់បីឥណ្ឌា១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត១គ្រឿង បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល ត្រង់ចំណុចទីលានខាងមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបរម៉ូតូកង់បីឥណ្ឌា១គ្រឿង ក្នុងល្បឿន១យ៉ាងលឿ​ន លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករថយន្តម៉ាក RANGROVER ស៊េរីទំនើប១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ ២AA-៥១៩១ ពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតទាំងសងខាង និងរងរបួសធ្ងន់បុរសម្នាក់ ភ្លាមៗនោះជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ប៉ុន្តែម្ចាស់រថយន្តរងគ្រោះមិនទាមទារសំណង់អ្វីពីជនបង្កនោះឡើយ ដោយបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

មតិយោបល់