ព័ត៌មានជាតិ

ចោរថ្លើមធំពីរនាក់ ចូលលួចIDប៉ូលីស ដល់ក្នុងប៉ុស្តិ៍ និងប៉ុនប៉ងលួចម៉ូតូ១គ្រឿងទៀត ត្រូវប៉ូលីសឃើញទាន់ដេញចាប់បានវាយខ្នោះ

ភ្នំពេញៈ ជនសង្ស័យចំនួន២ នាក់បានជិះម៉ូតូមួយគ្រឿងចូលទៅលួច ID ប៉ូលីសដល់ក្នុងប៉ុស្តិ៍ប្រចាំការ២៤ ម៉ោង បានសម្រេច និងប៉ុនប៉ងលួចម៉ូតូមួយគ្រឿងទៀត ត្រូវប៉ូលីសឃើញទាន់ស្រែកឆោឡោឡើង នាំគ្នាដេញចាប់វាយខ្នោះបានភ្លាមៗ និងរកឃើញថ្នាំញៀន១កញ្ចប់ធំបន្ថែមទៀត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍ប្រចាំការ២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូធុនធំមួយគ្រឿងម៉ាក អឹមផ្លាស ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1Z-0318 បានជិះមកឈប់ក្បែរប៉ុស្តិ៍ រួចបក្ខពួកម្នាក់ បានដើរចូលទៅក្នុងប៉ុស្តិ៍ ចំណែកម្នាក់ទៀត អង្គុយលើម៉ូតូចាំនៅខាងក្រៅប៉ុស្តិ៍ រួចបានធ្វើសកម្មភាពលួច ID មួយគ្រឿងបានសម្រេច រួចដើរចេញមកក្រៅវិញ ប៉ងលួចម៉ូតូមួយគ្រឿងទៀត ដែលដាក់នៅជាប់នឹងប៉ុស្តិ៍ ខណៈនោះសមត្ថកិច្ចក៏ឃើញក៏ស្រែកសួរនាំ ស្រាប់តែជនសង្ស័យមិនឆ្លើយតបទេ បែរជាភ័យស្លន់ស្លោ នាំគ្នាឡើងម៉ូតូជិះគេចខ្លួនភ្លាមៗ នោះដែរ កម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍ នាំគ្នាដេញចាប់ជនសង្ស័យ នឹងបានសហការជាមួយកម្លាំងសមត្ថកិច្ច ខណ្ឌទួលគោក នាំគ្នាដេញប្រភិតប្រភីងរហូតដល់ផ្លូវ៥៦៦ កែងនឹង៣១៣ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទើបសមត្ថកិច្ចព័ទ្ធចាប់បានជនសង្ស័យ និងវាយខ្នោះភ្លាមៗ រួចសមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់ធំ នៅជាប់ខ្លួនជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យចំនួន២នាក់ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់