ភ្នំពេញៈ យុវតីម្នាក់ជិះម៉ូតូគេចរថយន្តធំមួយគ្រឿងបែរជាត្រូវរថយន្តព្រុសបុកបែកប្រអប់ជើងស្តាំ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣ កែងនឹងផ្លូវភ្លោះចូលគ្រែនភ្នំពេញ ចំណុចមុខក្លោងទ្វារគ្រែនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-7695 បើកដោយយុវតីឈ្មោះ ធន រដ្ឋា អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពញ។
រថយន្តម៉ាក ព្រុសពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ 1AX-6598 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូដែលជិះដោយយុវតីខាងលើ បានបើកតាមបណ្តោយផ្លូវភ្លោះក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានគេចរថយន្តធំ ១គ្រឿង ក៏ជ្រុលទៅពីមុខរថយន្តព្រុសដែលកំពុងបើកក្នុងទិសដៅពីជើងទៅត្បូង ភ្លាមនោះរថយន្តព្រុសអកហ្សឺជាន់ហ្វ្រាង់មិនទាន់ក៏ជ្រុលបុកម៉ូតូ បណ្តាលឲ្យយុវតីដែលជិះម៉ូតូបែកប្រអប់ជើងស្តាំ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ រួចទាក់ទងជំនាញ វាស់វែងយករថយន្ត និងម៉ូតូអែបខាងសិន រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពហុព្យាបាល កែវ ការីណូ។
ដោយឡែកភាគីដំណាងខាងជនរងគ្រោះ និងខាងរថយន្តកំពុងជជែកដោះស្រាយសម្រួលគ្នាឈានទៅការបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់