ភ្នំពេញៈ បុរសជាតៃកុងរថយន្ដ ដឹកថ្មភ្នំម្នាក់ ទំនងជាងងុយដេក បើករថយន្ដបុករបងផ្ទះប្រជាពលរដ្ឋនៅចំណុចផ្ទះលេខ៤២ ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា តៃកុងរថយន្ដមានឈ្មោះ ផន ឡូយ អាយុ២១ឆ្នាំ មុខរបរ អ្នកបើករថយន្ដ មានទីលំនៅភូមិព្រៃចិក ឃុំរកាកោះ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ ចេង ផាន់ អាយុ៤៥ ឆ្នាំ មុខរបរយោធា មានទីលំនៅកន្លែងកើតហេតុ ។
យោងតាមប្រភព័ត៌មានពីសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដដឹកថ្មធន់ធំមួយគ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏ឃើញរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទ្វារ និង កញ្ចុះយាមខាងមុខផ្ទះស្ទើរទាំងស្រុង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាឃាត់ខ្លួនតៃកុងរថយន្ដទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីធ្វើការសួរនាំ។ ក្នុងករណីរថយន្ដដឹកថ្មបើកបុករបងផ្ទះប្រពលរដ្ឋនេះមិនបណ្ដាលឲ្យមានអ្នកម្នាក់រងរបួសឡើយ ។
នេះបើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋបាននាំគ្នាថា សង្ស័យតៃកុងរថយន្ដងងុយដេកហើយបានជាបើកមកបុករបងផ្ទះគេទាំងកណ្ដាលថ្ងៃត្រង់បែបនេះ ។ ពួកគាត់នាំគ្នាលើកឡើងថា នៅតាមបណ្ដោយបេតុងព្រៃស នេះមានរថយន្ដដឹកដីធន់ធំនិងរថយន្ដកុងតឺន័រ បើកឆ្លងកាត់ហើយបើកក្នុងល្បឿនលឿនដោយមិនមើលអ្នកជិះម៉ូតូឡើយ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុរួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលដង្កោ ចុះមកធ្វើការវាស់វែងនិងរង់ចាំតំណាងរថយន្ដចូលមកដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់