ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យោងតាមបទបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង៤៣នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំនៃអធិការដ្ឋានគរបាលស្រុកក្រគរ ចំនួន៣នាក់សហការជាមួយកម្លាំងជំនាញការិយាល័យខេត្តចំនួន២នាក់ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រីប៉ែន ទុង ស្នងការងផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាឆបោកនិងក្លែងឯកសារសាធារណៈ កាលពីថ្ងៃទី១០ខែមិនាឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីព្រឹក នៅចំណុច ហាងបាយចិន(ដងស្ទឹងបំណក់) ស្ថិនៅភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថាជនសង្ស័យមានឈ្មោះមុំ អស្សនី ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ២៧ ផ្លូវ២០១១ ភូមិខ្មែរលើ សង្កាត់គោករកា ខ័ណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។ លោកអធិការបានបន្តថា ជននេះបានធ្វើសកម្មភាពដើរឆបោកគេដោយថារើសចូលក្របខ័ណ្ឌមន្រ្តីនគរបាលក្នុង មួយនាក់យក១២,០០០ដុល្លារ បើយកមុនតែ ៣,៥០០ដុល្លារទេ ដោយជនសង្ស័យបានក្លែងឯកសារហត្ថលេខា និងត្រាសម្ដេចក្រឡាហោម ស ខេង និងតាងនាមខ្លួនជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ថែមទៀតផង ។
លោកអធិការបានបន្តថាជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
មតិយោបល់