ព័ត៌មានជាតិ

គោយន្តចុះចំណោតដាច់ហ្វ្រាំង បណ្តាលឲ្យក្រឡាប់ រងរបួសធ្ងន់ស្រាល៦នាក់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១​ វេលាម៉ោង​៤និង៤០​ នាទីល្ងាច មានករណីគ្រោះចរាចរណ៍​ គោយន្តកន្ត្រៃដាច់ហ្វាំ្រងចុះចំណោតក្រឡាប់ធ្លាក់ពីលើផ្លូវ ធ្វើ​ដំណើរ​ពីលិចទៅកើត​ នៅកំណាត់ផ្លូវជាតិលេខ​៥៥​ ចន្លោះគីឡូម៉ែត្រលេខ​៧៥-៧៦​ នៅចំណុចចិនយំ​ ស្ថិត​នៅ​ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាល ចុះពិនិត្យនៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ស្រាលចំនួន៦ស្រី៤នាក់៖ ១.ឈ្មោះ​ ទឹម ​សល់​ ភេទប្រុស​ អាយុ៤៨ឆ្នាំ​ រស់នៅភូមិជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន រងរបួសធ្ងន់ (អ្នកបើកបរ) ។ ២.ឈ្មោះ​ សែម​ ជា ភេទស្រី​ អាយុ​៦០​ឆ្នាំ​ រងរបួសស្រាល (អ្នករួមដំណើរ​) ។ ៣.ឈ្មោះ​ សុខា ភេទស្រី​ អាយុ​០៥​ឆ្នាំ​ សិស្ស រងរបួសធ្ងន់ (អ្នករួមដំណើរ​) ។ ៤.ឈ្មោះ​ សុខ ខេង​ ភេទប្រុស​ អាយុ​០៧​ឆ្នាំ​ សិស្ស របួសធ្ងន់ (អ្នករួមដំណើរ​) ។ ៥.ឈ្មោះ​ ទុយ ជីម ភេទស្រី​ អាយុ​៣២​ឆ្នាំ​ របួសធ្ងន់ (អ្នករួមដំណើរ) ។ ៦.ឈ្មោះ​ ណា នីន ភេទស្រី​ អាយុ​១៨​ឆ្នាំ​ របួសធ្ងន់ (អ្នករួមដំណើរ) អ្នកទាំងអស់រស់នៅភូមិ-ឃុំដូចគ្នាខាងលើ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

ប្រភពបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកគោយន្ត ធ្វេសប្រហែសមិនបានត្រួតពិនិត្យ ទៅលើហ្វាំ្រងគោយន្តមុនចេញដំណើរ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើង ៕

មតិយោបល់