កណ្តាលៈ នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ លោក អ៉ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនស្ត្រីជាចោរជំនាញលូកហោប៉ៅ២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នហើយក្រោមបទចោទ«លួច» ដែលប្រព្រឹត្តនៅចំណុចផ្សារតាខ្មៅចាស់ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបញ្ញាត្តិមាត្រា ៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសត្រូវផ្តន្ទាទោសពី០៦ខែ ទៅ០៣ឆ្នាំ និងពិនយ័ជាប្រាក់១លាន ទៅ០៦លានរៀល។
សូមរំលឹកថា បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ។ ជនល្មើសទី១-ឈ្មោះគីម ស្រីម៉ៅ ភេទស្រី អាយុ៣០ ឆ្នាំជនជាតិខ្មែរមានស្រុកកំណើត នៅ ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ និងទី២- ឈ្មោះ អឿន សម័យ ភេទស្រី អាយុ៣៥ឆ្នាំជនជាតិខ្មែរមានស្រុកកំណើត នៅភូមិជើងទឹក ស្រុកស្វាយអន្ទរខេត្ត ព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យកបានរួមមាន ប្រាក់រៀលចំនួន១៥៦,១០០រៀល, ទូរសព្ទដៃចំនួន២គ្រឿង (ម៉ាកSAMSUNG ពណ៌ស របស់ជនរងគ្រោះនិងម៉ាកtrueពណ៌ខ្មៅរបស់ជនល្មើស), កូនកាបូបស្ពាយចំនួន២ ពណ៌ក្រហម១និង ពណ៌ឈាមជ្រូក១ របស់ជនល្មើស។
លោកអធិការបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែអង្គុយទិញអាវជជុះដោយដាក់ លុយនិងទូរសព្ទនៅក្នុងហោប៉ៅអាវក្រៅពេលនោះ ស្រាប់តែជនល្មើសទាំង២នាក់បានបន្លំទៅអង្គុយក្បែររកទិញអាវដែរហើយឆ្លៀតពេលជនរងគ្រោះកំពុងតែរវល់រើសអាវជនល្មើសឈ្មោះ គីម ស្រីម៉ៅ បានធ្វើសកម្មភាពលួចយកលុយនិងទូរសព្ទរបស់ជន
រងគ្រោះ ហើយបានហុចទៅឲ្យបក្ខពួកឈ្មោះ អឿន សម័យ ដើរចេញបានប្រហែល២០ម៉ែត្រក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។ រីឯជនរងគ្រោះមិនបានដឹងថាមានចោរលូកហោប៉ៅអាវរបស់ខ្លួនទេបានចាកចេញទៅបាត់រកមិនឃើញឡើយ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង២នាក់បានឆ្លើយ សារភាពថាខ្លួននិងបក្ខពួកធ្លាប់បានធ្វើ សកម្មភាពលួចលូកហោប៉ៅគេចំនួន៥ដងមកហើយគឺនៅតាខ្មៅ២ដង និងនៅភ្នំពេញចំនួន៣ដង ដោយលើកចុងក្រោយនៅតាខ្មៅក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕






មតិយោបល់