កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤៥នាទី នៅចំណុចផ្លូវលំ ភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល កម្លាំងប៉ុស្តិ៍រដ្ឋបាលវិហារលួង បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ (គេចខ្លួន០១នាក់) ទី១-ឈ្មោះ ស៊ីវ កញ្ញា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម ( ឃាត់ខ្លួន), ទី២-ឈ្មោះ រីម ភេទប្រុស ពុំស្គាល់អត្តសញាណ ជាអ្នកទិញ ( គេចខ្លួន)។
វត្ថុតាងចាប់យក៖ ១-សារធាតុញៀន មេតំហ្វេតាមីន (ice) ចំនួន ០១កញ្ចប់ ទម្ងន់ ៨,៤៧ក្រាម, ២-ទូរសព្ទ័ ០១គ្រឿង ម៉ាក oppo ។
កម្លាំងប៉ុស្តិ៍រដ្ឋបាលវិហារលួង បញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ កម្លាំងប៉ុស្តិ៍បានចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យចំនួន០២នាក់ បណ្តើរគ្នាតាមបណ្តោយផ្លូវលំភូមិ មានសភាពសង្ស័យ ក៏បានហៅជនសង្ស័យសួរនាំ ដើម្បីត្រួតពិនិត្យ ស្រាប់តែជនសង្ស័យម្នាក់ជាបុរស បានរត់គេចខ្លួនចូលព្រៃឫស្សី រីឯជនសង្ស័យជានារីឈ្មោះខាងលើ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន និងចាប់យកវត្ថុតាងដូចខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ីវ កញ្ញា បានសារភាពថា នៅពេលកើតហេតុខ្លួនពិតជាបានយកថ្នាំញៀន ០១កញ្ចប់នេះមកលក់អោយឈ្មោះ រីម ភេទប្រុស ពុំស្គាល់អត្តសញាណច្បាស់លាស់ ទើបតែស្គាល់គ្នាថ្មីៗ តម្លៃ ៧០០,០០០រៀល (ចិតសិបម៉ឺនរៀល) ដោយខ្លួនទិញពីឈ្មោះ និត្យ ភេទប្រុស នៅស្វាយប៉ាក (ផ្ទះជួល) ក្រុងភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់