ព័ត៌មានជាតិ

ឡានដឹកទំនិញធុនធំមួយគ្រឿង បើកបុករថយន្តរ៉េស4 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តរ៉េស4 បើកឆ្លងផ្លូវបែកជាបួន ស្រាប់តែរថយន្តដឹកទំនិញធុនធំ បើកលឿនឆ្លងផ្លូវដូចគ្នា រួចបុកចំក្បាលរថយន្តពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងឡើងលើ រងការខូចខាតខ្ទេចយ៉ាងដំណំ ចំណែករថយន្តបង្កព្យាយាមបើករត់គេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ ហាណូយ កែងផ្លូវម៉ុងរិទ្ធី នៅចំណុចស្តុប២៤ម៉ោង ស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គឺគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តមួយគ្រឿងម៉ាករ៉េស4 ពណ៌ត្រចេក ពាក់ផ្លាកលេខស្វាយរៀង2A1038 បើកបរតាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីលិចទៅកើត ខណ:ពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ គឺរថយន្តរ៉េស4 បើកឆ្លងផ្លូវបែកជាបួន ទៅត្រង់រួចហើយឆ្លងបានពាក់កណ្តាលផ្លូវ មិនបានប្រយ័ត្ននោះទេ ក៏មានរថយន្តបង្កមួយគ្រឿងម៉ាកហ៊ីនយិនដាយ ពណ៌សលាយទឹកបិច ពាក់ផ្លាកលេខភ្នំពេញ 3C5797 បើកបរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង បើកក្នុងស្ថានភាពល្បឿនយ៉ាងលឿនដូចហោះ ហើយអត់បានចាប់ហ្វ្រាំងនោះទេ ទើបជ្រុលទៅបុកនឹងចំពាក់កណ្តាលរថយន្តចំពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងឡើងលើ រួចខ្ទាតទៅប៉ះឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខាតខ្ទេចយ៉ាងដំណំ រួញចូលគ្នាទាំងមុខនឹងដំបូល ខូចខាតយ៉ាងដំណំ រីឯខឿនសួនច្បារពុះចែកទ្រូងផ្លូវវិញ រងការខូចខាតតិចតួចចំណែកឯអ្នកបើកបរវិញ រងរបួសស្រាល និងរថយន្តបង្កធុនធំដឹកទំនិញវិញ មិនបានព្យាយាមបើករត់គេចខ្លួននោះទេ បើករត់គេចខ្លួនពីកន្លែងកើតហេតុ រហូតបានចម្ងាយ២ទៅ៣គីឡូ ត្រូវបានសមត្ថកិច្ចធ្វើការអន្តរាគមន៍ ឃាត់ខ្លួនយកអ្នកបើកបរយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយសារតែមានការបើកបរមិនមានការយោគយល់គ្នា នឹងបន្ថយល្បឿនទើបបង្កឲ្យមានគ្រោះថ្នាក់ដូច្នេះតែម្តង ។

ក្រោយពេលកើតហេតុខាងលើនេះ រថយន្តភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចធ្វើការវាសវែង យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់