សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ចំនួន ១ លាន ៥ សែនដូសទៀត នឹងមកដល់កម្ពុជា នាពេលឆាប់ៗខាងមុខនេះ ។
ក្នុងនោះផងដែរ ជាបន្តបន្ទាប់ទៀតក៏នឹងមានវ៉ាក់សាំង Sinovac ១ លាន ៥ សែនដូសមកដល់ ខណៈវ៉ាក់សាំង Sinopharm និង AstraZeneca ក៏មកជាបន្តបន្ទាប់ទៀតដែរ ហើយកម្ពុជាក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង Johnson and Johnson របស់អាមេរិកផងដែរ ដែលកិច្ចការងារនេះ គឺផ្តល់ជូនលោកជំទាវ ឱ វណ្ណឌីន ជាអ្នកចាត់ចែងដាច់តែម្តង ៕

សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖
«យើងត្រូវចាក់ឱ្យប្រជាពលរដ្ឋរបស់យើងក្នុងរង្វង់ ១០ ទៅ ១៣លាននាក់។ ឥឡូវយើងស្រវ៉ាស្រទិញ យើងបានចុះកុងត្រា បើតាមការដែលយើងអាចទទួលបានព័ត៌មាន នឹងមកដល់ (វ៉ាក់សាំង) ចំនួន ១លាន ៥សែនដូស នៅពេលខាងមុខនេះ។ ហើយនឹងបន្តបន្ទាប់ នឹងមកដល់ដូចជា Sinopharm Sinovac (១លាន ៥សែនដូសបន្ថែមទៀត) AstraZeneca ក៏នឹងបន្តបន្ទាប់ ហើយយើងកំពុងតែស្វះស្វែង ដើម្បីរកទិញ Johnson & Johnson របស់អាមេរិកផងដែរ»។

សូមជម្រាបថា ក្នុងការថ្លែងសារជាសំឡេងនោះ គឺសម្តេចនាយករដ្ឋមន្រ្តី បានប្រកាសតែងតាំងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានគណៈកម្មាធិការចំពោះកិច្ចទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងទូទាំងប្រទេស៕
មតិយោបល់