ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញា ឆក់ទូរស័ព្ទដៃតាមដងផ្លូវ ចំនួន០២នាក់ និងអ្នកទទួលផលចោរកម្មម្នាក់

បាត់ដំ​បង: នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៦និង២០នាទី នៅចំណុចភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីលួច មានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) ០១ករណីដោយបាននាំខ្លួន ជនសង្ស័យចំនួន០២នាក់ រួមជាមួយអ្នកទទួលផលចោរកម្មម្នាក់ មកធ្វើការស្រាវជ្រាវនោះគឺ៖

១-ឈ្មោះ ធឿន ផាន់ណេត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នកធ្វើសកម្មភាពផ្ទាល់) ។
២-ឈ្មោះ ធឿន វីរ: ហៅផាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាសហចារី) ។
៣-ឈ្មោះ ធិញ រ៉ុន ហៅជាងរុន ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នកទទួលផលចោរកម្ម) ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ខណ:ជនរងគ្រោះឈ្មោះ នូច័ន្ទរស្មី ភេទស្រី អាយុ២៩ឆ្នាំ មានមានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងជិះម៉ូតូតាមដងផ្លូវ នៅចំណុចមុខវត្តបាឡាត់ ស្ថិតនៅក្នុងភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាព (ឆក់ទូរសព្ទ័ដៃ) របស់គាត់០១គ្រឿងម៉ាក Iphone8plus ពណ៌ប្រផេះ រួចជិះម៉ូតូគេចខ្លួនបាត់ទៅ ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវរបស់សមត្ថកិច្ច ទើបកំណត់បានពីមុខសញ្ញានេះ រហូតឈានដល់ការឃាត់ខ្លួនបានទាំងអ្នកប្រព្រឹត្ត រួមទាំងអ្នកទទួលទិញទូរស័ព្ទ ដែលជាផលនៃអំពើចោរកម្មនោះផង ។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខបាត់ដំបង 1AC0173 (មធ្យោបាយជិះធ្វើសកម្មភាព)
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក Iphone8plus ពណ៌ប្រផេះ (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្នការិយាល័យជំនាញ បានប្រគល់ទូរសព្ទ័ដៃ ជូនទៅជនរងគ្រោះវិញ ចំពោះជនសង្ស័យ និងអ្នកទទួលផលចោរកម្ម បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមច្បាប់ ៕

មតិយោបល់