ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្យល់២នាក់ និងម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី ម្នាក់ ពាក់ព័ន្ធករណីនាំពលករឆ្លងដែនខុសច្បាប់

​បន្ទាយ​មាន​ជ័យ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​០៣​នាក់​ ក្នុង​នោះ​០២​នាក់​ជា​មេ​ខ្យ​ល់​នាំ​ពលករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​និងម្នាក់​ទៀត​ ជា​អ្នក​ផ្តល់​ទីតាំង​លាក់​ពលករ​សម្រាប់​ឆ្លង​ដែន​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ ​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២១​ ។​

​លោកស្រី​ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​០៣​នាក់​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ សហការ​ជាមួយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ និង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​ ដែល​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សម​ វណ្ណ​វី​រ:​ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ​ ហើយ​ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​០៧​យប់​ ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ផ្ទះសំណាក់​ ម៉ី​ ម៉ី​ ស្ថិត​នៅ​ភូមិ​ដូង​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ក្នុង​នោះ​ជនសង្ស័យ​ពាក់ព័ន្ធ​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​ ០២​នាក់​ ដែល​លួច​នាំ​ពលករ​ចំនួន​១៤​នាក់​ ស្រី​ ០៩​នាក់​ ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ ក្នុងភូមិ​សាស្ត្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោកស្រី​ឧត្តមសេនីយ៍​ស្នងការ​រង​បាន​បញ្ជាក់​ថា​​ ជនសង្ស័យ​ជា​មេ​ខ្យ​ល់​ ចំនួន​០២​នាក់​ មាន​៖១/-​ឈ្មោះ​ ចក់​ វី​ ហៅ​ ០៩​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ ភូមិ​សង្កែ​ ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ជនសង្ស័យ​ជា​មេ​ក្លោ​ង​។​២-​ឈ្មោះ​ឆ​ន​ វាសនា​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​ចំបក់​ ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ជនសង្ស័យ​ជា​មេខ្យល់​ ។​ ជន​ទាំង​០២​នាក់​នេះ​ ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ប្រុស​ ស្រី​ចំនួន​១៤​នាក់​ យក​មក​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​ ម៉ី​ ម៉ី​ ស្ថិត​នៅ​ភូមិ​ដូង​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ដើម្បី​ត្រៀម​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ នា​យប់​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២១​ ។​៣/-​ឈ្មោះ​អោម​ ចាន់​រ៉ា​ ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ​ ជា​ម្ចាស់ផ្ទះ​សំណាក់​ ម៉ី​ ម៉ី​ ដែល​មិន​សហការ​ជាមួយ​សមត្ថកិច្ច​សង្ស័យ​ផ្តល់​ទីតាំង​ឲ្យ​មេ​ខ្យល់​ លាក់​ពលករ​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ ។​

​លោកស្រី​ឧត្តមសេនីយ៍​ស្នងការ​រង​ក៏​បាន​បញ្ជាក់​ទៀត​ថា​ ​ជនសង្ស័យ​ជា​មេ​ខ្យ​ល់​ទាំង​០២​នាក់​ និង​ម្ចាស់ផ្ទះ​សំណាក់​សង្ស័យ​ផ្តល់​ទីតាំង​នោះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បញ្ជូន​ខ្លួន​ទៅ​សលា​លា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​ ។​ ដោយឡែក​ពលករ​ទាំង​១៤​នាក់​ កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ពួក​គាត់​រួច​ហើយ​ បាន​ឲ្យ​ពួក​គាត់​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ ៕

មតិយោបល់