បាត់ដំបងៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទី ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមមតិដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួល លើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (វាយដោយដំបងដែក) ១ករណីដោយធ្វើការ នាំខ្លួន ជនសង្ស័យចំនួន ២នាក់គឺ៖
១-ឈ្មោះ ព្រំ សុជាតិ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ ខា សីហា ហៅ ទិត្យ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខភោជនីយដ្ឋានសាច់អាំងផ្សារលើ២ ដែលស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង ២នាក់ ខាងលើ បានធ្វើសកម្មភាពយកដំបងដែក និងខ្សែក្រវ៉ាត់ក្បាលដែកវាយទៅលើជនរងគ្រោះ ឈ្មោះ សយ វិស័យ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស ត្រង់ក្បាលផ្នែកខាងស្តាំដេរចំនួន ៣ថ្នេរ ត្រង់ក្បាលខាងឆ្វេងដេរចំនួន ៤ថ្នេរ រយះចុងចិញ្ចើមស្តាំដេរចំនួន ៤ថ្នេរ និងហើមប៉ោងភ្នែកខាងស្តាំ។
ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវបានពីរថ្ងៃកន្លង មក ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្តង។
ជនសង័្សយខាងលើបានឆ្លើយសារភាពចំពោះ មុខសមត្ថកិច្ចនគរបាលថា មូលហេតុ ដែលខ្លួន និងបក្ខពួកប្រើហិង្សាទៅលើជនរងគ្រោះកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នោះព្រោះតែខ្លួនមានគំនុំជាមួយជនរងគ្រោះក្នុងរយៈពេលកន្លងមក។
បច្ចុប្បន្ន ការិយាល័យជំនាញ បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមច្បាប់៕




មតិយោបល់