ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ Fars រាយការណ៍ថា ប្រទេសអីុរ៉ង់ កាលពីថ្ងៃទី២៧ ធ្នូ បានសាកល្បងប្រកបដោយជោគជ័យនូវប្រព័ន្ធការពារអាកាស Skyguard ដើម្បីបាញ់ទម្លាក់ជាយថាហេតុនូវបណ្តាយន្តហោះគ្មានមនុស្សបើករបស់ សត្រូវក្នុងក្របខណ្ឌ នៃសមយុទ្ធយោធា
ដ៏សំខាន់មួយនៅភាគខាងត្បូងប្រទេស ។ប្រព័ន្ធ មីស៊ីលការពារអាកាសធុន Skyguard នោះ ត្រូវធ្វើការសាកល្បងនាថ្ងៃទី៣ នៃសមយុទ្ធយោធាធំមួយដែលកំពុងប្រព្រឹត្តទៅ ។ សមយុទ្ធនេះចូលរួមដោយកងទ័ពជើងគោក ជើងទឹក និងជើងអាកាសរបស់កងទ័ពអ៊ីរ៉ង់ ។បណ្តាមីស៊ីលបាញ់ចេញដោយ Skyguard បាញ់ត្រូវចំយន្តហោះគ្មានមនុស្សបើកចាត់ទុកជារបស់ពួកសត្រូវជា ច្រើនគ្រឿង ក្នុងនោះយន្តហោះគ្មានមនុស្សបើក១គ្រឿងធុន Hazem ផលិតដោយអ៊ីរ៉ង់ខ្លួនឯង ។ប្រព័ន្ធការពារអាកាស Skyguard ជាប្រព័ន្ធឡាស៊ែរ ដែលអាចការពារបណ្តាយន្តហោះពីគ្រប់ការគំរាមកំហែងខាងយោធា ។
ក្នុង សមយុទ្ធយោធានេះដែរ អ្នកទទួលខុសត្រូវជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ គូសបញ្ជាក់ថា កងទ័ពអ៊ីរ៉ង់បានប្រើប្រាស់កាលពីថ្ងៃទី២៦ ធ្នូ នូវយន្តហោះគ្មានមនុស្សបើកអត្តឃាតមួយប្រភេទ នៅតំបន់ភាគខាងត្បូង និងភាគអាគ្នេយ៍ប្រទេស ។
ឧត្តមសេនីយ៍ Ahmad Reza Pourdastan មេបញ្ជាការកងទ័ពជើងគោកអ៊ីរ៉ង់ និយាយថា យន្តហោះគ្មានមនុស្សបើក អាចប្រើប្រាស់ដើម្បីវាយប្រហារបណ្តាគោលដៅលើអាកាស និងលើដី ។
គម្រោងការ របស់កងទ័ពជើងគោកអ៊ីរ៉ង់ ប្រើប្រាស់បណ្តាយន្តហោះគ្មានមនុស្សបើកអត្តឃាត ត្រូវបានលើកឡើងកាលពីខែកញ្ញា ឆ្នាំ២០១៣ ដែលពេលនោះ ឧត្តមសេនីយ៍ Pourdastan ធ្លាប់ប្រកាសថា កងទ័ពរបស់លោកបានផលិតយន្តហោះគ្មានមនុស្សបើកអត្តឃាតប្រភេទថ្មីមួយ ហៅថា Ra’ad-85 ។ យន្តហោះគ្មានមនុស្សបើកនេះជាប្រភេទគ្រាប់បែកចល័តមួយ ហើយអាចកម្ទេចបណ្តាគោលដៅដែលកំណត់ហើយចល័ត ។
មេបញ្ជាការរូប នោះបញ្ជាក់ថា កងទ័ពជើងគោកប្រើប្រាស់យន្តហោះគ្មានមនុស្សបើក UAV ក្នុងដំណាក់កាល២នៃសមយុទ្ធយោធា ដែលកំពុងធ្វើ ។ លោកបន្តថា ក្នុងដំណាក់កាលទីមួយ បណ្តាយន្តហោះគ្មានមនុស្សបើកដើរតួជាយន្តហោះរបស់ពួកសត្រូវ ហើយក្នុងដំណាក់កាលទី២ បណ្តាយន្តហោះគ្មានមនុស្សបើកជាយន្តហោះរបស់បណ្តាមិត្ត ។
សមយុទ្ធ រយៈពេល៦ថ្ងៃនេះ រៀបចំធ្វើរួមគ្នាដោយកងទ័ពជើងគោក ជើងទឹក និងជើងអាកាស របស់កងទ័ពអ៊ីរ៉ង់ ដោយមានការចូលរួមរបស់មូលដ្ឋានការពារអាកាស Khatam Al Anbia ហើយប្រព្រឹត្តទៅនៅភាគខាងត្បូងប្រទេស ដែលរួមមានក្នុងដែនទឹកចាប់ពីភាគខាងកើតច្រកសមុទ្រ Ormuz ដល់ភាគខាងជើងនៃឈូងសមុទ្រ Aden ៕
មតិយោបល់