ភ្នំពេញៈ រថយន្តដឹកឥដ្ឋមួយគ្រឿង ពេលកំពុងតែបើកបរសុខៗ ស្រាប់តែបាក់ប៉ុងដាច់កង់រមៀល ចេញ បណ្តាលឱ្យក្រឡាប់ចាក់ឥដ្ឋចោលពេញផ្លូវ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តដែលក្រឡាប់ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣C.៥០៤៣ បើកបរ ដោយបុរសម្នាក់ មិនប្រាប់អោយស្គាល់អត្តសញ្ញាណ រួមដំណើរជាមួយភរិយា ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ ដែលជាតៃកុងរថយន្តមួយគ្រឿងទៀត ដែលបានបើករថយន្តមកសាងឥដ្ឋ ពីរថយន្តដែលក្រឡាប់នោះ ឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបានដឹកឥដ្ឋពីព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ក្នុងគោលបំណង់ដឹកឥដ្ឋ យកទៅដាក់អោយម៉ូយ នៅស្រុកឈូក ខេត្តកំពត ។ លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែ រថយន្តបានបាក់ប៉ុងដាច់កង់ខាងស្តាំ រមៀលកង់ចេញ បណ្តាលឱ្យរថយន្តអូសក្រឡាប់ទៅខាងស្តាំដៃ ចាក់ឥដ្ឋពេញផ្លូវតែម្តង ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ គេឃើញអ្នកបើកបរ រួមទាំងភរិយា បានលូនចេញពីក្នុងកាប៊ីនរថយន្ត ដោយពុំមានរងរបួសឡើយ ។ ដោយសារតែគ្រោះថ្នាក់នេះ ពុំបណ្តាលអោយមនុសុ្សរងរបួសនោះទេ ។ អ្នកបើកបរ ក៏បានហៅរថយន្ត មួយគ្រឿងមកសេងឥដ្ឋ ហើយ ហៅរថយន្ត មកស្ទួចយករថយន្តយកទៅជួសជុលដោយខ្លួនឯង ៕
មតិយោបល់