ព័ត៌មានជាតិ

Update៖ នារីក្រុមការងារវេចខ្ចប់សព និងបូជាសព ជាមួយជនជាតិបារាំងម្នាក់ រង់ចាំអ្នកដឹកសពមកពីខេត្តសៀមរាបយូរពេក ទាញទ្វារវត្តបិទ បណ្តាលឲ្យរលំសង្កត់ស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ: នារីម្នាក់ត្រូវបានទ្វាររបងវត្តទឹកថ្លា ដួលរលំសង្កត់លើ បណ្តាលឲ្យបែកក្បាលហូរឈាមស្លាប់ ដោយសារនាងទាញទ្វារបិទ មិនប្រយ័ត្ន បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចវត្តទឹកថ្លា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពនារីរងគ្រោះ ត្រូវបានប្រភពអ្នកស្គាល់បង្ហើបប្រាប់ឲ្យដឹងថា នាងមានឈ្មោះ ដានី អាយុ៣៣ឆ្នាំ ស្នាក់នៅក្នុងវត្តទឹកថ្លា មុខរបរអ្នកវេចខ្ចប់សព និងបូជាសព ។

ប្រភពព័ត៌មាន ពីបុរសជនជាតិបារាំង មុខរបរជាអ្នកវេចខ្ចប់ និងបូជាសព ដែលជាអ្នកនៅក្នុងហេតុការណ៍នោះផ្ទាល់ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា សពនារីរងគ្រោះនោះ ត្រូវជាក្រុមការងារគាត់ខាងបូជាសព និងវេចខ្ចប់ ហើយមុនកើតហេតុ គឺគាត់បានទទួលដំណឹងថា និងមានសពម្នាក់ដឹកពីខេត្តសៀមរាប មកតម្កល់ធ្វើបុណ្យ និងបូជានៅវត្តទឹកថ្លា ជាកន្លែងធ្វើការខ្លួន ភ្លាមនោះគាត់ក៏ទាក់ទងទៅសពនារីរងគ្រោះ ឲ្យមកចាំបើកទ្វារ ឲ្យរថយន្ដដឹកសពចូលក្នុងវត្ត ចំណែកគាត់រវល់នៅខាងក្រៅមួយភ្លែត លុះមួយសន្ទុះក្រោយមក ទើបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីកត្រឡប់មកដល់វត្ត មិនឃើញរថយន្តដឹកសពមកដល់ គាត់ក៏ឈប់ម៉ូតូនៅជិតកន្លែងកើតហេតុនោះ រង់ចាំរថយន្តដឹកសពមកពីខេត្តដូចគ្នា ជាមួយនារីរងគ្រោះ ។ ដោយអង្គុយចាំយូរពេកអផ្សុក ក៏ជក់បារីអស់បីទៅបួនដើមនៅតែមិនទាន់ឃើញរថយន្តមកដល់ ហើយយប់កាន់តែជ្រៅដោយខ្លាចព្រះសង្ឃក្នុងវត្តស្តីបន្ទោស បុរសជនបរទេសរូបនោះ ក៏បានប្រាប់ឲ្យនារីរងគ្រោះទាញទ្វារបិទសិន ។ ភ្លាមៗនោះនារីរងគ្រោះ បានទាញទ្វារមួយចំហៀងខាងកើតបិទ តែជាអកុសលទ្វារនោះ ក៏ដួលរលំសង្កត់លើនាងបែកក្បាល ហូរឈាមជោកជាំពេញខ្លួន សន្លប់ស្តូកស្តឹង នៅសល់តែដង្ហើមចង្រិត តែទោះជាយ៉ាងណាប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ក៏បាននាំគ្នាជួយសង្រ្គោះ ទាញនាងចេញពីក្រោមរបងវត្ត ហៅរថយន្ដសង្គ្រោះ បន្ទាន់មកដឹកនារីរងគ្រោះទៅសង្គ្រោះភ្លាមៗផងដែរ ដោយសាររបួសធ្ងន់ពេក នារីរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យយ៉ាងល្អិតល្អន់ ទើបបញ្ជាក់ថាសពពិតជាស្លាប់ ដោយសារទ្វាររលំសង្កត់លើពិតប្រាកដមែន គឺនាងជាអ្នកបង្កដោយខ្លួនឯង ហើយសពត្រូវបានប្រគល់ឲ្យសាច់ញាតិ តម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លានោះតែម្ដង ៕

មតិយោបល់