ព័ត៌មានជាតិ

សមត្ថកិច្ចដេញប្រមាញ់ឃាត់ករណីចោរកម្មលួចគោឆ្លងកាត់បីស្រុកទើបបង្ក្រាបបាន

ត្បូងឃ្មុំ: កាលពីថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី ប្រជាពលរដ្ឋម្ចាស់គោបានរាយការណ៍មកមន្ត្រីប៉ុស្តិ៍រដ្ឋបាលថា មានករណីចោរលួចគោដាក់រថយន្តចំនួន ២ក្បាល នៅចំណុចថ្មរៀម ស្ថិតនៅភូមិសែនប្រពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ បានបញ្ជាឱ្យគ្រប់កងកម្លាំងអធិការដ្ឋានពាក់ព័ន្ធទាំងអស់ រួមនឹងកម្លាំងប្រចាំបញ្ជាកងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាន សហការណ៍គ្នាចុះជួយអន្តរាគមន៍ ស្ទាក់ចាប់ជនសង្ស័យ និងរថយន្តខាងលើ ។
ជនសង្ស័យបានបើកបររថយន្តរត់គេចពីចំណុចថ្មរៀម ភូមិសែនប្រពៃ ឃុំរំចេក ស្រុកមេមត់ លើផ្លូវសាំលីង មកដល់កែងផ្លូវជាតិ៧៣ ស្រុកតំបែរក៏បានជ្រុះគោចំនួន ០១ក្បាល តែជនសង្ស័យនៅតែបន្តទៅមុខ បានបើកបំបុករនាំងខូចចំនួន៤ផ្ទាំង នៅជិតម្តុំអធិការដ្ឋាននគរបាលស្រុកតំបែរ ដែលកម្លាំងបានឃាំង ហើយក៏បន្តបើករត់ទាំងបែកកង់រថយន្ត រហូតដល់ផ្លូវជាតិលេខ៧ កែងនឹងផ្លូវជាតិលេខ៨ ស្រុកពញាក្រែក ក៏បានជ្រុះគោ ១ក្បាលទៀត ជនសង្ស័យបានបន្ដរត់ឡើងលើផ្ទះប្រជាពលរដ្ឋ តែត្រូវកម្លាំងនគរបាលសហការដេញចាប់ប្រផាប់ប្រផីង ក៏បង្ក្រាបនិងឃាត់ខ្លួនបានតែម្ដង ។
#ជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ មឿន រិទ្ធ ភេទប្រុស អាយុ២២ ឆ្នាំ នៅភូមិតងឡង ឃុំព្រៃខ្លា ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង ។
២.ឈ្មោះ ហ៊ើល ដាលីន ភេទ ប្រុស អាយុ២២ ឆ្នាំ នៅភូមិ សង្វាន ឃុំ ព្រៃខ្លា ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង ។
#វត្ថុតាងដកហូតរួមមាន៖
រថយន្តម៉ាកសាំយ៉ុង ០១គ្រឿង និងថ្នាំញៀនចំនួន ០២ កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង (សត្វគោទាំងពីរក្បាលបានប្រគល់ជូនម្ចាស់វិញ) ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

 

មតិយោបល់