ភ្នំពេញៈ ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបាន បង្ហើបឱ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក អ៊ុំ សំអាន បានដាក់ពាក្យស្នើសុំមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យកូនក្តីលោកទទួលបានសេរីភាពនៅក្រៅឃុំបណ្តោះអាសន្ន។ ប្រភពបន្តថា មេធាវីរូបនេះបាន បង្ហាញមូលហេតុមកតុលាការថា ការស្នើសុំឱ្យកូនក្តីលោកបាននៅក្រៅឃុំបណ្តោះអាសន្ននោះគឺដោយសារកូនក្តីលោកមានទីលំនៅច្បាស់លាស់។
គួររំឮកថា លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប ត្រូវបានសមត្ថកិច្ច នាយកដ្ឋានប្រឆាំងភារវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប ហើយលោក អ៊ុំ សំអាន ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឱ្យមានការរើសអើង ដោយបានបង្ហោះរូបភាពផែនទីប្រទេសកម្ពុជា លើគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយអះអាងថា ផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់ជាផែនទីក្លែងក្លាយដែលភាគីកម្ពុជាខាតបង់ចំពោះការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម៕
ព័ត៌មានជាតិ
មតិយោបល់