ព័ត៌មានជាតិ

វ៉ាវ! ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀននិងហិង្សាក្នុងគ្រួសារ

ពោធិ៍សាត់: យោងតាមផេករបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្តាន់បានចុះបង្រ្កាបករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់និងប្រើអំពើហឹង្សាក្នុងគ្រួសារ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២១ម៉ោង១៨នឹង០០នាទីនៅចំណុចផ្ទះ របស់ជនរងគ្រោះ ឈ្មោះ ខឹម សារួន ភេទប្រុសអាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោយពីទទួលបានពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ។

លោកវរសេនីយ៍ទោ យូ គឹមថារឹទ្ធី អធិការរងនគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីនេះបង្កដោយជនមុខសញ្ញាឈ្មោះ រ៉ែម រ៉េនភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ យោងតាមកំណត់ហេតុបណ្តឹងនិងការបំភ្លឺរបស់ឈ្មោះ ខឹម សារួន ភេទប្រុស អាយុ៦៣ឆ្នាំ(ត្រូវជាឪពុកជនមុខសញ្ញា) បានបំភ្លឺថាកាលពីថ្ងៃទី១៨ ខែមិនាឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល១៨និង០០នាទី កូនប្រុសរបស់គាត់ឈ្មោះ រ៉ែម រ៉េន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានជេរប្រមាថ និង គំរាមសម្លាប់គាត់ ហើយគាត់ក៏ដើរគេចខ្លួនចេញបាត់ទៅ។ រយះកាលកន្លងមកកូនប្រុសគាត់រូបនេះ បានប្រើអំពើហឹង្សាក្នុងគ្រួសារ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ (ចានឆ្នាំង ពាងទឹក) ថែមទាំងគំរាមនិងដេញកាប់បងប្អូនបង្កើតវាទៀត។ ហើយគាត់ធ្លាប់បានប្តឹងមកប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់និងបានធ្វើកិច្ចសន្យា និងកំណត់ហេតុអប់រំ ហើយគាត់បានទៅធានាយកមកអប់រំនៅផ្ទះបន្តតែកូនប្រុសគាត់មិនកែប្រែទេ នៅតែប្រើអំពើហឹង្សា ទៅលើគ្រួសារដដែល និងមិនតែប៉ុណ្ណោះកូនប្រុសរូបនេះនៅតែប្រើប្រាស់គ្រឿងញៀនដដែលមិនកែប្រែ។

លោកអធិការរងបានបន្តថា បន្ទាប់ពីសមត្ថកិច្ចនគរបាលឃាត់ខ្លួន និងបានធ្វើតេស្ដរកសារជាតិញៀនឃើញ វិជ្ជមាន។ ជនមុខសញ្ញាត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង៩ និង៤៣នាទី ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

 

មតិយោបល់