ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ចុះបង្ក្រាបល្បែងស៊ីសងកត់កន្ទុយលេខខុសច្បាប់២កន្លែង នៅក្នុងផ្សារទួលទំពូង ឃាត់ខ្លួនបានមនុស្សចំនួន៦នាក់ រួមនិងប្រាក់មួយចំនួនធំ ។
ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះដែរ មានការដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ទោ ប៊ុន សន្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុង និងមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យដែលជាអ្នកកត់ និងចាក់កន្ទុយលេខ ប្រុសស្រីចំនួន៦នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ ប្រុស៣នាក់ និងបន្តដកហូតបាន លុយដុល្លារចំនួន៣៨០ដុល្លារ និងលុយខ្មែរចំនួន ៥លាន៧សែនរៀល រួមនិងសម្ភារៈសម្រាប់កត់កន្ទុយលេខមួយចំនួនធំ ។
បច្ចុប្បន្នមនុស្សទាំង៦នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់