ភ្នំពេញៈ នៅវេលាម៉ោង០៣និង៣០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់កម្មករ និងមេការដាក់លូចំនួន២នាក់ ត្រូវជាពូនិងក្មួយ ស្លាប់និងរងរបួសធ្ងន់ ស្ថិតត្រង់ចំណុចផ្លូវ៣៥១ ក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានចំនួន០២នាក់៖ ១.ឈ្មោះ សៀម ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករដាក់លូ ស្នាក់នៅចម្ការដូង (បន្ទប់ជួល) ខណ្ឌដង្កោ មានស្រុកកំណើត នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ជាក្មួយ) ស្លាប់។
២.ឈ្មោះ ឡាត់ រ៉ាន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមេការ ស្នាក់នៅចម្ការដូង មានស្រុកកំណើតស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ត្រូវជាពូ) រងរបួស ។
តាមការបំភ្លឺពីកម្មករដែលធ្វើការជាមួយគ្នា បានឲ្យដឹងថា ក្រុមកម្មករមានគ្នា០៥នាក់ បានទទួលម៉ៅការដាក់លូនៅចំណុចខាងលើ ដោយជួលអេស្ការសម្រាប់កាយនិងលើកលូ ជនរងគ្រោះមានតួនាទីរៀបលូនៅខាងក្រោមដី ។ ពេលនោះស្រាប់តែឮគេស្រែកថា (ជួយៗ) ហើយក្រុមកម្មករបានស្ទុះទៅជួយ ប៉ុន្តែមានចរន្តអគ្គិសនីឆ្លងតាមដៃអេស្កាជាប់ខ្សែភ្លើងខាងលើ ហើយក្រុមការងារ បានព្យាយាមជួយជនរងគ្រោះ និងពូជនរងគ្រោះបណ្ដាលឲ្យរងរបួស ។ ជនរងគ្រោះបានយកមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅពេលដល់មន្ទីរពេទ្យ ខាងក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ ។
បច្ចុប្បន្ន សពត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចប្រគល់ជូន ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕
មតិយោបល់