ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បើករថយន្ត lexus 300 មួយគ្រឿង ជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿង ត្រង់ចំណុចផ្លូវបែកជាបួន រួចព្យាយាមបើករត់យករថយន្ត ទៅប្លុងចោលក្នុងដីព្រៃមួយកន្លែង ចុះរត់គេចខ្លួនប្រឡាក់សុទ្ធតែភក់ កាលពីវេលាម៉ោង១និង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ កែងនឹងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CL-1472 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក lexus rx300 មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2O-2858 ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ទិសដៅពីជើងទៅត្បូង ជ្រុលទៅបុកម៉ូតូពីចំហៀងខាងមុខ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូរងរបួសស្រាល ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ នៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ប្រមាណជាង២០០ម៉ែត្រ យករថយន្តទៅប្លុងចោលក្នុងដីព្រៃមួយកន្លែង រួចម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ស្រាប់តែមួយសន្ទុះក្រោយមក គេឃើញបុរសជនជាតិចិន ដែលជាម្ចាស់រថយន្តបង្ក បានឃើញដើរចេញពីក្នុងព្រៃមកវិញ ដោយមិនមានពាក់អាវ ហើយខ្លួនប្រឡាក់សុទ្ធតែភក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕
មតិយោបល់