តាកែវៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ០៧គំរូរួមមាន៖ ពពុះសណ្តែក ទឹកត្រាំ (មឹក និងបង្គា) ស្បែកជ្រូកបំពង សាច់ក្រក ត្រីងៀត អំបិល (គ្រួស និងម៉ត់) ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះមន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងគ្មានសារធាតុគ្រប់គ្រាន់ ប្រមាណ១៧គីឡូក្រាម រួមមាន៖
– ប័រកំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៥កំប៉ុង ស្មើនឹង ៥គីឡូក្រាម
– អំបិលម៉ត់ គ្មានជាតិអ៊ីយ៉ូត ចំនួន ១២កញ្ចប់ ស្មើនឹង ១២គីឡូក្រាម
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់