ព័ត៌មានជាតិ

កសិករ២នាក់ប្តីប្រពន្ធ រាយខ្សែលួសឆក់កណ្តុរ ការពារស្រូវប្រាំង បណ្តាលឲ្យឆក់ប្តីស្លាប់ នៅក្នុងវាលស្រែ

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុ ថ្ងៃច័ន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទី នៅចំណុច ដីស្រែប្រាំង ភូមិ ព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឈិន ឈាង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង (ស្លាប់) ប្រពន្ធ ឈ្មោះ រស់ សេងលាង អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង មានកូន០២នាក់ ប្រុស១ស្រី ១ ។

វត្ថុតាងចាប់យក៖ ដុំឆក់ចំនួន១ អាគុយ៥០អំពែចំនួន១ គ្រាប់ ។

សភាពរឿងហេតុ រយ:ពេលមួយខែកន្លះមកហើយ ជនរងគ្រោះនិងប្រពន្ធ បានមកធ្វើស្រូវប្រាំង និងដាំឈូកនៅចំណុចស្ពានថ្ម ភូមិព្រែកលួង ឃុំព្រែកលួង ដោយបានធ្វើរោងចាំស្រូវមួយកន្លែង និងធ្វើរោងចាំឈូកមួយកន្លែង ហើយកន្លង មកជនរងគ្រោះបានរាយខ្សែលួសឆក់កណ្តុរជុំវិញដីស្រែរបស់ខ្លួន ។ ដល់ថ្ងៃទី០៨.០៦.២០២០វេលាម៉ោង ១៧និង០០នាទី ជនរងគ្រោះ និងប្រពន្ធ បានតខ្សែលួសឆក់កណ្តុរនៅដីស្រូវរបស់ខ្លួន ពេលតខ្សែលួសរួច ប្រពន្ធ បានមកសម្រាកនៅរោងចាំឈូក ឯជនរងគ្រោះនៅឆក់កណ្តុរនិងដេកនៅរោងចាំស្រូវ ។ ដល់ថ្ងៃទី០៨.០៦.២០២០វេលាម៉ោង៦និង៣០នាទី ប្រពន្ធ ដោយមិនឃើញជនរងគ្រោះត្រឡប់មករោងវិញ បានដើរទៅរក ហើយឃើញជនរងគ្រោះដេកផ្ងារស្លាប់នៅក្នុងស្រែ ដោយដៃទាំងពីរកាន់ខ្សែលួសជាប់ ឃើញដូចនោះ ប្រពន្ធបានចូលទៅចាប់ទាញខ្សែលួស ស្រាប់តែឆក់តែភ្លើងខ្សោយ ទើបឈ្មោះ រស់ សេងលាង ត្រូវជាប្រពន្ធ ដោះដៃចេញបាន ហើយដើរ ទៅដោះដង្គៀបអាគុយឆក់ចេញ រួចបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលួង បន្ទាប់មក សមត្ថកិច្ចនគរបាលជំនាញសហការជាមួយ កម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេភូមិគ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានស្នាមរោលខ្លោចនៅ ម្រាមដៃទាំងសងខាង និងស្នាម រោលខ្លោចនៅកំភួនដៃខាងឆ្វេង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។

សន្និដ្ឋាន សាកសពជនរងគ្រោះ បានស្លាប់ដោយសារឆក់ចរន្តអគ្គិសនី (សម្រាប់ឆក់សត្វកណ្តុរ) ពិតប្រាកដមែន ៕

មតិយោបល់