ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ លួចម៉ូតូបានហើយ ជិះដល់ផ្លូវទាល់បត់មកវិញ ត្រូវម្ចាស់ឃើញស្រែកផ្អើលឆោឡោ ចាប់បានប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យ២នាក់ លួចម៉ូតូរបស់ជាងជួសជុលម៉ូតូ បានសម្រេចហើយ ជិះដល់ផ្លូវទាល់បត់មកវិញ ត្រូវម្ចាស់ឃើញស្រែកផ្អើលឆោឡោ ចាប់បានប្រគល់ឱ្យសមត្ថកិច្ច ។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ តាមផ្លូវ១០៣ ត្រង់ចំណុចផ្ទះជួសជុលម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងពីរនាក់៖ ១-ឈ្មោះ ឃួន វីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ,២-ឈ្មោះ ចាន់ សុខ ភេទប្រុស អាយុ១៦ឆ្នាំ ជនទាំងពីរនាក់ ស្នាក់នៅវត្តទួលសន្តិវ័ន្ត ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ។ ម៉ូតូដែលពួកគេជិះធ្វើសកម្មភាពលួច ម៉ាក់និក ពណ៌ផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ 1BU 1896 ដែលមានម្ចាស់ជាជាងជួសជុលម៉ូតូឈ្មោះ វី ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជាងម៉ូតូបានទុកម៉ូតូនៅក្បែរកន្លែងដែលខ្លួនធ្វើការ ដោយមិនបានដកកូនសោចេញ ហើយរវល់តែបំពេញការងាររបស់ខ្លួន ស្រាប់តែជនសង្ស័យទាំងពីនាក់ បានដើរដោយថ្មើរជើង តាមបណ្តោយផ្លូវ១០៣ ទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ឃើញឱកាសល្អក៏បញ្ឆេះជិះឌុបគ្នា គេចខ្លួនទៅតាមផ្លូវតូច បានប្រមាណ១០០ម៉ែត្រ ទាល់ច្រកក៏ជិះត្រឡប់ក្រោយវិញ គាប់ជួនពេញនោះ ម្ចាស់ម៉ូតូកំពុងឆោឡោបាត់ម៉ូតូ ក៏ប្រទះឃើញជនសង្ស័យ ហើយក៏ស្រែកនិងនាំគ្នាព័ទ្ធចាប់ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២តែម្តង ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ចាត់ការបន្ត ៕

មតិយោបល់