ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ៖ គ្មានការចរចាណាមួយរវាង CPP និង CNRP នាពេលខាងមុខទេ

ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្ររាជណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារផ្ញើទៅកាន់អ្នកនយោបាយថា គ្មានការចរចាណាមួយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នាពេលខាងមុខនោះទេ ហើយបើមានក៏គ្មានការនិយាយពីរឿងពាក់ព័ន្ធការអនុវត្តនីតិវិធីរបស់តុលាការ ឬរឿងរបស់អ្នកជាប់គុកនោះឡើយ។ សម្តេចតេជោ ក៏បានប្រកាសផងដែរថា កុំឲ្យគំរាមធ្វើបាតុកម្ម គឺសម្តេចមិនលើកលែងនោះឡើយ។

សម្តេចតេជោបានប្រកាសបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីសកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៦នៅកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា មេដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ គឺជាអ្នកបង្កើតរឿងចោទប្រកាន់ ភរិយា និងកូនសម្តេច ជាស្រី និងកូន របស់មេដឹកនាំវៀតណាម ឡេឌឹក ថូ។ សម្តេចតេជោ បញ្ជាក់ថា សម្តេចមិនអាចទទួលយកបាននោះឡើយ ចំពោះការវាយប្រហារនេះ ហើយសម្តេចមិនអត់ឱនឲ្យនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានយកការឈឺចាប់ដោយការប្រមាថនេះ ផ្ញើទៅកាន់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមេដឹកនាំប្រទេសដទៃទៀត រួមទាំងអ្នកវិភាគផងដែរថា តើអាចទទួលយកបានដែរទេ បើមានការប្រមាថដូចសម្តេចបែបនេះ?៕

មតិយោបល់