ព័ត៌មានជាតិ

កាច់កម៉ូតូនៅខណ្ឌទួលគោកបានសម្រេច មកជាប់អន្ទាក់សមត្ថកិច្ចនៅខណ្ឌឫស្សីកែវ

ភ្នំពេញ: ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលកាច់កម៉ូតូពីខណ្ឌទួលគោក បានសម្រេច មកជាប់អន្ទាក់សមត្ថកិច្ចខណ្ឌឫស្សីកែវ ក្រោយពីទទួលបាន តាមវិទ្យុទាក់ទងប្រចាំបញ្ជា នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយប្រើរយ:ពេល៣០នាទី ឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងម៉ូតូ២គ្រឿង ។

ការឃាត់ខ្លួននេះសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ក្រោយពីទទួលបានបញ្ជាពីថ្នាក់លើ កម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែទី១ បើកការស្រាវជ្រាវភ្លាមៗ ក៏ប្រទះឃើញម៉ូតូម៉ាកក្លិច ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IP-1638ដែលជនសង្ស័យកាច់កមកពីម្ដុំផ្លូវ៣៣៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកដាក់ផ្ញើនៅផ្ទះក្រោមដី ដែលមានទីតាំង តាមបណ្ដោយផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោ៩និង៥០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។

ក្រោយពីឃើញម៉ូតូ សមត្ថកិច្ចបានដាក់កម្លាំងឃ្លាំចាំមើល មិនយូរប៉ុន្មានក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ានិក ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 1AR-6854 ជិះចូលទីតាំងខាងលើនោះ បម្រុងយកម៉ូតូដែលកាច់កបាននោះចេញ តែត្រូវកម្លាំងសមត្ថកិច្ច បុកចូលខ្ទប់ចាប់វាយខ្នោះភ្លាមៗ ។

ជនសង្ស័យទី១-ឈ្មោះ ធំ រដ្ឋា ហៅជ័យ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ,ទី២-មានឈ្មោះ គូ ថេរ៉ា អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយនឹងសមត្ថកិច្ចប៉ុស្តិ៍ បាននាំខ្លួនជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងម៉ូតូ២គ្រឿង យកទៅប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសួរនាំ រួចទំនាក់ទំនងសមត្ថកិច្ចខណ្ឌទួលគោក មកទទួលយកជនសង្ស័យ និងវត្ថុតាងម៉ូតូទាំង២គ្រឿង ទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់