ព័ត៌មានជាតិ

ជើងខ្លាំងពូកែរករឿងអុកឡុកអ្នកផ្ទះ និងអ្នកជិតខាង ព្រមទាំងគំរាមសម្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៤និង៤៥នាទី មានករណីជនសង្ស័យម្នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ និងរណា បង្កអុកឡុករករឿងអ្នកផ្ទះ និងអ្នកជិតខាង ព្រមទាំងគំរាមសម្លាប់ ឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ នុត រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ(ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះមានចំនួន០៣នាក់៖ ១-ឈ្មោះ បួន ស្រីម៉ៅ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ,២.ឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស, ៣.ឈ្មោះ ទូច រក្សា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស, អ្នកទាំងបីនាក់មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖
១.កណ្តៀវមួយប្រវែង៥៧ ស.ម ផ្លែដែក ដងឫស្សី
២.កាំបិតបុ័ងតោមួយមានប្រវែង២៧ស.ម ផ្លែដែក ដងដែក
៣.រណារ៉មួយដើមផ្លែដែក ដងជ័រប្រវែង៧៦សង់ទីម៉ែត្រ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុវេលាម៉ោង១០និង២០នាទី ជនរងគ្រោះឈ្មោះ បួនស្រីម៉ៅ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ កំពុងតែដេកលើអង្រឹងនៅក្រោមផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យ (កូនបង្កើត) បានស្រែកឡូឡារកដុតផ្ទះសម្បែង ពេលនោះជនរងគ្រោះ បានស្តីបន្ទោសបន្តិចបន្តួចឲ្យជនសង្ស័យ ជនសង្ស័យខឹងបានយកកាំបិតបុ័ងតោ មកកាប់ផ្ដាច់ខ្សែអង្រឹង បណ្តាលឲ្យដាច់ធា្លក់ជនរងគ្រោះ ទៅលើដីថ្លោះចង្កេះ ហើយជនសង្ស័យបានយកកាំបិតនោះមកជ្រល គំរាមរកកាប់ជនរងគ្រោះថែមទៀត ហើយជនសង្ស័យបន្ទាប់មកក៏ដើរចេញមកក្រៅផ្ទះ សំដៅទៅកន្លែងតារាងបាល់ទះមួយកន្លែង ដែលមានចម្ងាយពីផ្ទះប្រហែល៣០០ម៉ែត្រ ពេលទៅដល់ជនសង្ស័យ បានទាស់ពាក្យសំដីជាមួយឈ្មោះ ទូច បញ្ញា ភេទប្រុស និងឈ្មោះ ទូច រក្សា ភេទប្រុស ដែលកំពុងតែលេងបាល់ទះ ភ្លាមនោះជនសង្ស័យបានគំរាមគំហែងទៅលើឈ្មោះ ទូច បញ្ញា និងឈ្មោះទូច រក្សា ភេទប្រុសពីរនាក់បងប្អូនថា អញ់នឹងអារកអ្ហែងឲ្យសម្លាប់ឥឡូវហើយ ភ្លាមនោះ ឈ្មោះទូច ប៉ុនថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ត្រូវជាឪពុកជនរងគ្រោះពីរនាក់ខាងលើ បានមកជួយឃាត់តែជនសង្ស័យ មិនព្រមស្តាប់ក៏បានទាស់ពាក្យសំដីគ្នាទៅវិញទៅមក ភ្លាមនោះស្រាប់តែជនសង្ស័យ បានទៅយកកាំបិតបុ័ងតោ និងរណារបស់ម្ចាស់ផ្ទះតារាងបាល់ មករកកាប់ជនរងគ្រោះពីរនាក់បងប្អូន ឃើញដូច្នេះជនរងគ្រោះពីរនាក់បងប្អូន រួមទាំងឪពុកក៏នាំគ្នាទាញមែកដើមគ មកកាន់នឹងដៃដើម្បីការពារខ្លួន ។

បន្ទាប់មកជនសង្ស័យក៏យកកាំបិត និងរណានោះទៅទុកវិញ ហើយក៏ដើរសំដៅទៅផ្ទះរបស់ខ្លួនបាត់ទៅ លុះដល់វេលាម៉ោង០៤និង១០នាទីថ្ងៃ ខែ ឆ្នាំដដែល ជនរងគ្រោះ ឈ្មោះ ទូច បញ្ញា ភេទប្រុស កំពុងតែនៅកន្លែងតារាងបាល់ទះ ក៏ស្រាប់តែជនសង្ស័យបានដើរសំដៅមករក ដោយនៅដៃមានកាន់កណ្តៀវ ឃើញដូច្នេះ ជនរងគ្រោះក៏រត់គេចខ្លួន ចំណែកជនសង្ស័យបានរត់ដេញកាប់ជនរងគ្រោះ តែកាប់មិនបាន ក៏ឈប់ទៅ បានមួយសន្ទុះឈ្មោះ ទូច រក្សាភេទប្រុស (ជនរងគ្រោះ) បានត្រឡប់មកពីយកគោទៅចងឲ្យស៊ីស្មៅក៏ដើរមកផ្ទះវិញ ជនសង្ស័យឃើញក៏រត់សំដៅទៅកាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះ ឃើញរត់ទាន់ក៍រត់គេចខ្លួនបាត់ ។ បន្ទាប់មកឪពុកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលឈើទាល ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះដល់កន្លែងតើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់