កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុករថយន្តកែច្នៃទ្រុង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ករណីនេះកើតឡើងរវាងរថយន្តកាមរី ពណ៌ស គ្មានស្លាកលេខ (កែច្នៃទ្រុងដឹកឈើ) បើកបរដោយឈ្មោះ សន ជា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក) បានបុកជាមួយរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខ សៀមរាប 2B-3181 បើកបរដោយឈ្មោះ ងិន ប៊ុនថេន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដោយមានអ្នករួមដំណើរជាមួយឈ្មោះ៖
១- ឈ្មោះ សេង.សុភាព ភេទស្រី អាយុ….ឆ្នាំ (របួសធ្ងន់)។
២- ឈ្មោះ កែ.ឧត្តមសីហា ភេទប្រុស អាយុ១៤ឆ្នាំ (របួសធ្ងន់)។ អ្នកទាំងពីរត្រវជាប្រពន្ធ និងកូន អ្នកបើកបររថយន្តហាយឡែនឌ័រ ។
ចំណែកមូលហេតុបឋមបង្កដោយអ្នកបើកបររថយន្តកាមរីកែច្នៃទ្រុងឈ្មោះ សន ជា បើកបររថយន្តគ្មានភ្លើងបំភ្លឺខាងក្រោយ និងផ្ទុកឈើខុសលក្ខណ:បច្ចេកទេស។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់