ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត១គ្រឿង បុកម៉ូតូអូសជាង៣០ម៉ែត្រ ស្លាប់ស្ត្រីម្នាក់

ភ្នំពេញៈ ស្ត្រីកម្មករសំណង់ម្នាក់ បានបាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូសសៀរឆ្លងផ្លូវ ក៏ត្រូវរថយន្តសាំយ៉ុង បុកពេញទំហឹងអូសជាង៣០ម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តជេដ្ឋាឩត្តម ហៅវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 2AF-0425 រងការខូចខាតបែកកាងចង្គៀង និងផ្ទាំងកញ្ចក់ខាងមុខផ្នែកខាងស្តាំ ចំណែកតាកុងមិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយក្រោយកើតហេតុ បានគេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះមានឈ្មោះ សួនសាវឿន ភេទស្រីអាយុ៥១ឆ្នាំ មានមុខរបរកម្មករសំណង់ ទីលំនៅភូមិកើតហេតុខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FC-0434 រងការខូចខាតស្ទើទាំងស្រុង។

តាមប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម្នាក់ឯង ចេញពីផ្ទះនៅភូមិកើតហេតុ គោលបំណងដើម្បីទៅធ្វើការសំណង់ នៅម្តុំគីឡូម៉ែត្រលេខ៩ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសដៅចរាចរណ៍ ខណៈជិះមកដល់ចំណុចកើតហេតុ បានជិះសសៀរឆ្លងផ្លូវពីកើតទៅលិច បានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានរថយន្តតាកស៊ីបង្កបើកតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូស្រ្តីរងគ្រោះយ៉ាងពេញទំហឹង អូសម៉ូតូទៅមុខជាង៣០ម៉ែត្រ បណ្តាលឲ្យស្ត្រីរងគ្រោះបោកក្បាលទៅនឹងផ្ទាំងកញ្ចក់មុខរថយន្ត បែកថ្លើម និងបាក់កស្លាប់ភ្លាមៗ។

ក្រោយកើតហេតុរថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាសវែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ ដើម្បីរងចាំភាគីទាំងសងខាង ចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់