ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន៣៣នាក់ រួមនឹងថ្នាំញៀនជិត៤០០កញ្ចប់ ក្នុងសប្តាហ៍នេះ

ភ្នំពេញៈ កម្លាំងចម្រុះរបស់កងរាជអាវុធហត្ថរាជធានី រួមមានខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ ខណ្ឌជ្រោយ ចង្វា បានសហការគ្នាចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ដោយឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី សរុប៣៣នាក់ហើយ ក្នុងនោះមានមុខសញ្ញាបទល្មើសចោរកម្ម និងប្លន់ផងដែរ ក្នុងរយៈពេល១សប្ដាហ៍នេះ។

មន្ត្រីកងរាជអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀនរាជធានី បានប្រាប់ភ្នាក់ងារ GRK News ឲ្យដឹង នៅរសៀលថ្ងៃទី១២ ខែសីហាថា ចាប់តាំងពីថ្ងៃទី០៤ ខែសីហារហូតដល់១១សីហា កម្លាំងកម្លាំងកងរាជ អាវុធហត្ថរាជធានី សហការជាមួយបណ្ដាលខណ្ឌពាក់ព័ន្ធ ខាងលើ ធ្វើការចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀន បានជាបន្តបន្ទាប់សរុប ៣៣នាក់ និងដកហូតថ្នាំញៀនជិត៤០០កញ្ចប់ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានកម្លាំងអាវុធហត្ថកសាង សំណុំរឿងបញ្ជូនទៅតុលាការជាបន្ត។

មន្ត្រីអាវុធហត្ថបន្តថា ជាក់ស្តែងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ចំណុចទួលតាស័ក្តិ ៥ ផ្លូវ៧០ ភូមិទួលគោក ក្រុម៤ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កម្លាំងអាវុធហត្ថចម្រុះខាងលើ បានចុះ បង្ក្រាបមុខសញ្ញាប្រើប្រាស់ និងជួញដូរបានមួយសំបុក។ មន្ត្រីអាវុធហត្ថរាជធានីពេញ បានឱ្យដឹងបន្តថា ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថបង្ក្រាបក្រុមជនសង្ស័យបានចំនួន៩ នាក់បន្ថែមទៀត និងបានចាប់យក វត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមសថ្លា ចំនួន០៣កញ្ចប់ ថ្នាំពណ៌ផ្កាឈូក២ចំណិត ម៉ូតូចំនួន០៥គ្រឿង និងស្លាកលេខម៉ូតូដោះចេញ ចំនួន២ ក្នុងនោះ ទី១-ស្លាកលេខភ្នំពេញ1BX-1399 និង ទី២-ស្លាកលេខ ភ្នំពេញ1AV-5571 ព្រមទាំងសម្ភារសម្រាប់សេពគ្រឿងញៀន មួយចំនួនទៀត។

មន្ត្រីកងរាជអាវុធហត្ថរាជធានីពេញ បានបន្តទៀតថា បន្ទាប់ពីកម្លាំងជំនាញអាវុធហត្ថខណ្ឌដូនពេញ បានស៊ើបដឹងយ៉ាងច្បាស់ ពីទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យជួញដូរគ្រឿងញៀន និងជាមុខសញ្ញា លួចម៉ូតូ ដែលកំពុងតែលាក់ខ្លួនពួនសម្ងំនៅក្នុងមូលដ្ឋានសង្កាត់ ទួលសង្កែនោះ ទើបកម្លាំងខណ្ឌដូនពេញ ចុះសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌឫស្សីកែវ និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានី ចុះបង្ក្រាប ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃទី១២សីហានេះ ។

គួររំលឹកថា ជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនដ៏សកម្មចំនួន២៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានី កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ ពីកម្លាំងចម្រុះសហការចាប់ខ្លួនជាបន្តបន្ទាប់នាល្ងាច ថ្ងៃទី០៤ និងទី៦ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ B1 ផ្លូវរថភ្លើង និងក្រោយស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រមទាំងចាប់យកថ្នាំញៀនជាង ៣៤០កញ្ចប់តូចធំផងដែរ។

បើសរុបទាំងលើកនេះ កម្លាំងអាវុធហត្ថបង្ក្រាបបានមុខសញ្ញាជួញដូរ ប្រើប្រាស់គ្រឿងញៀន និងលួចបាន ចំនួន៣៣នាក់ហើយ និងវត្ថុតាងគ្រឿងញៀនជិត៤០០កញ្ចប់តូចធំព្រមទាំងសម្ភារពាក់ព័ន្ធ មួយចំនួន នៅក្នុងសប្តាហ៍នេះ ៕

photo_2016-08-13_17-56-07photo_2016-08-13_17-56-11photo_2016-08-13_17-56-14photo_2016-08-13_17-56-17photo_2016-08-13_17-56-21photo_2016-08-13_17-56-25

មតិយោបល់