កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញសណ្ដាប់ធ្នាប់ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់ កណ្ដាល០១គ្រឿង និងរថយន្តទឹក (7NG) ចំនួន០២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២៥គូប ទើបរលត់ទាំងស្រុង ។
គួររំលឹកថា នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ វេលា៨និង០០នាទី ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស (7NG) ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង ដែលមានបណ្ដោយ១២០ម៉ែត្រ ទទឹង ៨០ម៉ែត្រ ។ ភ្លើងបានឆាបឆេះពីរោងបាយកម្មករទំហំបណ្ដោយ៨០ម៉ែត្រ និងទទឹង១៥ម៉ែត្រ ។
បន្ទាប់ពីមានការឆាបឆេះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ដឹកនាំបញ្ជាផ្ទាល់ រួមទាំងលោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរភូមិឃុំ និងកងរាជអាវុធហត្ថ និងនគរបាលប៉ុស្តិ៍វិហារសួគ៌ រួមទាំងកម្មកររោងចក្រផងដែរ ។
ករណីនេះបណ្ដាលអោយមានកម្មករម្នាក់ រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាល ។ ជាកម្មករផ្នែកជាងខូចខាតសម្ភារៈមាន ម៉ាស៊ីនភ្លើងធំចំនួន០១គ្រឿ ម៉ាស៊ីនស្កេនក្រយ៉ៅដៃ១៥គ្រឿង តុបាយ កៅអី កង្ហាមួយចំនួន។ ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិកូរ៉េខាងត្បូង) ដែលកម្មកររោងចក្រមានចំនួន១៦៧៥នាក់ស្រី១៣១៨នាក់ ដែលកពុងធ្វើការងារ ។
ការសន្និដ្ឋាន ដោយសារឆ្លងចរន្តអគ្គិសនី នៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ ៕
មតិយោបល់