ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន០២ខ្នង នៅកន្លែងផ្សេងគ្នា បណ្តាលឲ្យរងការខូចខាតទាំងស្រុង

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ផ្ទះចំនួន០២ខ្នង បានក្លាយជាចំណីអគ្គិភ័យ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ។ មួយ​ខ្នងកើតឡើងនៅស្រុកអូរជ្រៅ បង្កឡើងដោយប្តីស្រវឹងស្រាខឹង និងប្រពន្ធដុតផ្ទះខ្លួនឯងចោល និងមួយខ្នងទៀតមិនទាន់ដឹងពីមូលហេតុ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា នៅវេលាម៉ោង០៧និង១០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានឈ្មោះ សឿន វាសនា ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានខឹងនិងប្រពន្ធឈ្មោះ ហៀប ពៅ អាយុ៤១ឆ្នាំ ក៏ដុតផ្ទះខ្លួនឯងចោល ។

លោកអធិការបានបញ្ជាក់ថា មូលហេតុបុរសជាប្តីឈ្មោះ សឿន វាសនា ក្រោយផឹកស្រាស្រវឹង ​បានខឹងនិងប្រពន្ធឈ្មោះ ហៀប ពៅ មិនដេកនៅផ្ទះ ក៏យកដែកកេះដុតផ្ទះខ្លួនឯងចោល ដែលមានទំហំ ៣,៥០ X​ ៥ម សង់អំពីឈើ ប្រក់ស័ង្កសី ក្រាលក្តារ បណ្តាលឲ្យឆេះស្ទើរទាំងស្រុង ហើយសម្ភារៈ សម្លៀកបំពាក់ ចាន ឆ្នាំងនៅក្នុងផ្ទះឆេះអស់ទាំងស្រុង កម្លាំងនគរបាល និងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់ មិនបង្កឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាងទេ ចំណែកប្រពន្ធមិនបានដេកផ្ទះនោះ ដោយទៅដេកនៅផ្ទះឪពុកមើលឪពុកកំពុងឈឺ ដែលផ្ទះនៅជិតគ្នា ។ ករណីនេះប្រពន្ធបានសំណូមពរ ដល់សមត្ថកិច្ចឃាត់ខ្លួនប្តីរូបនេះ ចាត់ការតាមនីតិវិធីច្បាប់។

ចំណែកមួយករណីទៀត នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣​ ខែមីនា ឆ្នាំ២០២១ នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានអគ្គិភ័យបានឆាបឆេះផ្ទះ០១ខ្នងអស់ទាំងស្រុង មានទំហំ៦ម X​ ៨ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្តារមួយចំហៀង ស័ង្កសីមួយចំហៀង ដែលមានម្ចាស់ផ្ទះឈ្មោះ ឆោម បូផាន់ ភេទប្រុស​ អាយុ៤១ឆ្នាំ រស់នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ខូចខាតសម្ភារៈក្នុងផ្ទះស្រូវ០២បាវនិងអង្ករ០១បាវ សម្លៀកបំពាក់មួយចំនួន ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យកើតមានអគ្គិភ័យនេះ នៅមិនទាន់ដឹងពីមូលហេតុនោះទេ ពេលនេះកម្លាំងនគរបាលកំពុងធ្វើការស្រាវ ។ ម្យ៉ាងនៅយប់កើតហេតុម្ចាស់ផ្ទះមិនបាននៅផ្ទះទេ ដោយរវល់មកផ្ទះ០១កន្លែងទៀត នៅក្នុងភូមិមកមើលកូនឈឺ ហើយទុកផ្ទះដែលឆេះនៅដាច់ស្រយាលនោះចោល ៕

មតិយោបល់