ព័ត៌មានជាតិ

Update៖ បុរសម្នាក់ ផឹកស្រាអស់២កំប៉ុង បានលោតចូលរថយន្តកុងតៃន័រ បណ្តាលឲ្យកិនបែកក្បាលធ្លាយខួរ

ភ្នំពេញៈ បុរសស្រវឹងប្រចាំថ្ងៃហើយមានសតិមិនប្រក្រតីម្នាក់ ស្លាប់ភ្លាមៗ ក្នុងសភាពបែកក្បាលធ្លាយខួរ បន្ទាប់ពីលោតហក់ចូលរថយន្តកុងតៃន័រ កំពុងបើកចូលផ្លូវបេតុង កែងផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ រថយន្តបើករត់គេចបានចំងាយជិត១គីឡូម៉ែត្រត្រូវបានសមត្ថកិច្ចឃាត់បាន ។

ជនរងគ្រោះ ឈ្មោះ ចាន់ គឹមចាយ ហៅខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជាមនុស្សផឹកស្រាប្រចាំ មានសតិមិនប្រក្រតី ស្នាក់នៅតាមសំយ៉ាបផ្ទះពលរដ្ឋ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះមានសតិមិនប្រក្រតី ហើយរាល់ថ្ងៃ ដើរសុំលុយពីអ្នកបើកបរណា ដែលបើករថយន្តឆ្លងកាត់ផ្លូវបេតុងខាងលើ យកលុយទិញស្រាផឹក ។ ពលរដ្ឋបន្តទៀតថា សកម្មភាពជនរងគ្រោះ ស្រវឹងស្រាម្តងៗ ប្រឈមនឹងគ្រោះថ្នាក់ ដោយរត់ឆ្លេឆ្លាតាមផ្លូវ សុំលុយពីអ្នកបើកបរ ស្រាប់តែនៅព្រឹកថ្ងៃទី២៤នេះ មុនកើតហេតុ ជនរងគ្រោះក្នុងសភាពស្រវឹងស្រាដូចសព្វដង ស្រាប់តែឃើញរថយន្ត កុងតៃន័រ ម៉ាក FREIGHTLINER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-8201 អូសសណ្តោងរ៉ឺម៉ក ដឹកទូកុងតៃន័រ ពាក់ផ្លាកលេខ ភ្នំពេញ 4A-7214 បើកតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ បត់ស្តាំចូលតាមផ្លូវបេតុងខាងលើ ស្រាប់តែជនរងគ្រោះ ហក់លោតចូលកង់ខាងក្រោយ បណ្តាលឲ្យកិនបែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តមិនបានឈប់ភ្លាមទេ បន្តបើកទៅមុខ បានចំងាយជិត១គីឡូម៉ែត្រ ត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋដេញតាមឃាត់បាន រួមទាំងអ្នកបើកបរផង ។

អ្នកបើកបររថយន្តកុងតៃន័រ មានឈ្មោះ ហាន សុភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ បើតាមអ្នកបើកបររថយន្តបានឲ្យដឹងថា គាត់ក៏មិនបានដឹងថា រថយន្តកិនមនុស្សស្លាប់ដែរ ហើយក៏គ្មានចេតនាបើករត់នោះទេ ពេលដែលកម្លាំងសន្តិសុខ លើកដៃជាសញ្ញា ពេលដែលរថយន្តបើកចូលទៅ មិនដឹងថាមានមនុស្សរត់ចូលកង់ខាងក្រោយដែរ ទើបបន្តបើកទៅមុខ រហូតដល់គេឃាត់រថយន្តតែម្តង ។

ក្រោយកើតហេតុ សាកសព មានសាច់ញាតិក្រីក្រ ក៏បានទទូចស្នើសុំឲ្យអាជ្ញាធរ សមត្ថកិច្ច មេត្តាជួយចាត់ចែងធ្វើយ៉ាងណាបានធ្វើបុណ្យតាមប្រពៃណី នេះបើតាម បុរសឈ្មោះ ចាន់ វិចិត្រ អាយុ២៧ ឆ្នាំ ត្រូវបានបងប្អូនបង្កើត របស់ជនរងគ្រោះ ស្នាក់នៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ករណីខាងលើ សមត្ថកិច្ចមូលដ្ឋាន ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង ដើម្បីពិនិត្យ និងនាំយករថយន្តកុងតៃន័រ និងអ្នកបើកបរ ទៅកាន់ការិយាល័យ កសាងឯកសារតាមនីតិវិធី ៕

មតិយោបល់