ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទបុរសម្នាក់ បានសម្រេចខណៈកំពុងដេកលង់លក់ ហើយបន្តទៅលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត តែអស់ល័ក្ខត្រូវបានពលរដ្ឋឃាត់ជាប់ រួចប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សៀង អៀន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មេការសំណង់ ស្នាក់នៅភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FX-2706 ។
ចំណែកជនសង្ស័យឈ្មោះ ថារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
តាមប្រភពពីជនរងគ្រោះជាម្ចាស់ទូរស័ព្ទបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដេកនៅកន្លែងធ្វើការសំណង់ ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ដោយទុកទូរស័ព្ទម៉ាក OPPO នៅក្បែរខ្លួន ខណៈកំពុងលង់លក់ស្រាប់តែមានជនសង្ស័យមកធ្វើសកម្មភាពលួចយកទៅបាត់។
ជនរងគ្រោះបន្តថា បន្ទាប់មករូបគាត់ក៏បានខលទៅលេខទូរស័ព្ទគាត់ពេលនោះក៏មានប្រជាពលរដ្ឋលើកដោយប្រាប់ថា ជនសង្ស័យលួចមកហើយបន្តទៅធ្វើសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋទៀត។
បើតាមប្រជាពលរដ្ឋដែលឃាត់ខ្លួនជនសង្ស័យបានប្រាប់ថា មុនពេលកើតហេតុម្ចាស់បន្ទប់បានចាក់សោខាងក្រៅហើយចេញទៅធ្វើការបាត់អស់ លុះមកដល់វេលាកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកហើយបានធ្វើសកម្មភាពគាស់បន្ទប់ជួល ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរឃើញក៏សួរនាំ តែជនសង្ស័យបានប្រាប់ថា មករកបងប្អូន ដោយសារតែមិនដែលស្គាល់មុខទើបនាំគ្នាឃាត់ខ្លួនសិន។ បន្ទប់មកស្រាប់តែមានគេខលទូរស័ព្ទមកនិយាយថា ទូរស័ព្ទកំពុងនិយាយគឺទូរស័ព្ទគាត់ដែលទើបនិងបាត់ ភ្លាមនោះប្រជាពរដ្ឋក៏ធ្វើការឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចទូរស័ព្ទ និងបន្តទៅគាស់បន្ទប់ជួលប្រជាពលរដ្ឋពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់