( ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោនរំពឹងថារបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ជុំវិញការស៊ើបអង្កេតពីប្រភពដើម នៃវីរុសកូរ៉ូណា COVID-19 ឈរលើ មូលដ្ឋានវិទ្យាសាស្ត្រ ហើយតម្រូវឱ្យមានការសិក្សាស្រាវបន្ថែម ក្នុងនោះរួមមានទាំងត្រឡប់ទៅកាន់ប្រទេសចិនម្ដងទៀត។
«យើងរំពឹងថារបាយការណ៍នោះនឹងធ្វើឡើងដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ ហើយក្លាយជាការបោះជំហានទៅមុខមួយយ៉ាងពិតប្រាកដដើម្បីអាចឱ្យពិភពលោក បានដឹងពីប្រភពដើមនៃវីរុសនេះ និងអាចឱ្យយើងត្រៀមខ្លួនបានកាន់តែប្រសើរចំពោះជំងឺរាតត្បាតណាមួយនៅពេលអនាគត»។ នេះជាការលើកឡើងរបស់លោក
Marc Cassayre ជាភារធារីនៃបេសកកម្មការទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ លោក Cassayre ដោយបន្ថែមទៀតថាវាគួរតែមានការសិក្សាបន្ថែមពីប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 ហើយបើអាចក្រុមអ្នកជំនាញអន្តរជាតិគួរតែត្រឡប់ទៅកាន់ប្រទេសចិនម្ដងទៀត។ ការលើកឡើងបែបនេះរបស់លោក Cassayre ធ្វើឡើងចំពេលអង្គការ WHO ត្រូវបាន គេរំពឹងថានឹងបញ្ចេញរបាយការណ៍មួយស្ដីពីការស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 ធ្វើឡើងរួមគ្នាដោយក្រុមអ្នកជំនាញអន្តរជាតិ និងសមភាគីចិន នៅក្នុងសប្ដាហ៍នេះ។
ក្រុមអ្នកជំនាញអន្តរជាតិដឹកនាំដោយអង្គការសុខភាពពិភពលោក បានធ្វើដំណើរទៅកាន់ និងស្ថិតក្នុងទីក្រុងវូហាន ប្រទេសចិនចាប់ពីខែមករា ដល់ខែកុម្ភៈកន្លងទៅ ក្នុងគោលបំណងស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូរ៉ូណា COVID-19។ ក្រោយបញ្ចប់ការស៊ើបអង្កេត ទាំងក្រុមអ្នកជំនាញអន្តរជាតិ និងសមភាគីចិនបានយល់ស្របដូចគ្នា ថាវីរុសកូរ៉ូណាមានប្រភពដើមមកពីសត្វចម្លងទៅមនុស្ស។ ប៉ុន្តែ ក្រុមមន្ត្រីអាមេរិកនៅតែសង្ស័យពីតម្លាភាពនៃការស៊ើបអង្កេតនេះដោយពួកគេជឿជាក់ចិនបានលាក់បាំង ទិន្នន័យជាច្រើន៕
Reuters៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១
មតិយោបល់